សហរដ្ឋអាមេរិកកំពុងជំរុញឱ្យអ៉ីរ៉ង់បញ្ឈប់ការលក់យន្ដហោះដ្រូនទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននឹងទីក្រុងតេហេរ៉ង់។
សេចក្ដីរាយការណ៍ខាងលើរបស់កាសែត Financial Times ធ្វើឡើងដោយផ្អែកលើមន្ត្រីអ៉ីរ៉ង់ម្នាក់ និងប្រភពពីមន្ត្រីមួយចំនួនទៀតដែលបានដឹងពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនឹងអ៉ីរ៉ង់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាម Financial Times សហរដ្ឋអាមេរិកក៏បានជំរុញអ៉ីរ៉ង់ឱ្យបញ្ឈប់ការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះដ្រូនទៅឱ្យរុស្ស៉ីផងដែរ។
Financial Times បានបន្ថែមទៀតថា កិច្ចពិភាក្សាទាំងនេះបានធ្វើឡើងនៅក្នុងកិច្ចចរចាមួយរវាងសហរដ្ឋអាមេរិកនឹងអ៉ីរ៉ង់ជុំវិញកិច្ចព្រមព្រៀងដោះដូរអ្នកទោសកាលពីសប្ដាហ៍មុន ដោយអ៉ីរ៉ង់យល់ព្រមអនុញ្ញាតឱ្យពលរដ្ឋអាមេរិក៤នាក់ផ្ទេរចេញពីពន្ធនាគារទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ ខណៈដែលពលរដ្ឋអាមេរិកម្នាក់ទៀតកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះស្រាប់។ មិនតែប៉ុណ្ណោះ បើតាមព័ត៌មានដាច់ដោយឡែកមួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្ដាហ៍មុន អ៉ី
រ៉ង់នឹងដោះលែងពលរដ្ឋអាមេរិកទាំង៥រូបនេះជាថ្នូរនឹងការប្រគល់មូលនិធិអ៉ីរ៉ង់៦ពាន់លានដុល្លារ ដែលត្រូវបានបង្កកក្នុងប្រទេសកូរ៉េខាងត្បូង មកឱ្យទីក្រុងតេហេរ៉ង់វិញ
ប៉ុន្តែទាំងខាងសេតវិមាន និងក្រសួងការបរទេសអ៉ីរ៉ង់មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Financial Times នៅឡើយទេ។
ព័ត៌មានខាងលើកើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោននិងអ៉ីរ៉ង់ កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងដាក់គ្នា និងស្ដារកិច្ចពិភាក្សា ឡើងវិញស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់៕
ដោយ៖ ធីរីណា(រូបថត៖ REUTERS)