អភិបាលរដ្ឋ Hawaii បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ Maui បានកើនឡើងដល់ ១១០នាក់ហើយ។
លោក Josh Green អភិបាលរដ្ឋ Hawaii បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី ១៦ ខែសីហាថា “មនុស្សយ៉ាងហោចណាស់ ១១០ នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រ” ។ មន្ត្រីរដ្ឋហាវ៉ៃ និងក្រុមគ្រួសារជនរងគ្រោះក៏បានចាប់ផ្ដើមបញ្ចេញអត្តសញ្ញាណអ្នកដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះផងដែរ។
លោក Josh Green បាននិយាយថា ភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងល្បឿន 1.6 គីឡូម៉ែត្រ/១នាទី នៅក្នុងតំបន់ដែលមានស្មៅស្ងួតជាច្រើន និងខ្យល់បក់ខ្លាំងពីព្យុះមួយ។
ក្រុមមន្ត្រីបាននិយាយថា ផ្ទះជាង 2.200 ត្រូវបានខូចខាត ឬបំផ្លាញទាំងស្រុង ដែលក្នុងនោះ 86 ភាគរយជាលំនៅដ្ឋាន។ ការខូចខាតដោយភ្លើងឆេះព្រៃត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥,៥ ពាន់លានដុល្លារ។ ភ្លើងឆេះនៅក្នុងទីក្រុងទេសចរណ៍ Lahaina ដែលរងការវាយប្រហារខ្លាំងបំផុតគឺស្ថិតក្រោមការគ្រប់គ្រងបាន 85 ភាគរយ ខណៈដែលភ្លើងមួយកន្លែងផ្សេងទៀតនៅលើកោះនេះគឺ 60 ភាគរយស្ថិតនៅក្រោមការគ្រប់គ្រង។
កាលពីម្សិលមិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាថា កោះហាវ៉ៃ នឹងត្រូវបានផ្តល់ “អ្វីគ្រប់យ៉ាងដែលចាំបាច់” សម្រាប់ការស្តារ និងការកសាងឡើងវិញ។
មូលហេតុនៃការឆាបឆេះនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Hawaiian Electric កំពុងប្រឈមមុខនឹងការរិះគន់ចំពោះការមិនដាច់ចរន្តអគ្គិសនីអំឡុងពេលមានខ្យល់បក់ខ្លាំង និងរក្សាថាមពល ទោះបីជាបង្គោលភ្លើងរាប់សិបដើមធ្លាក់ចុះមកចំក្បាលក៏ដោយ៕
ដោយ៖ ធីរីណា(រូបថត៖ 1thegioi.vn)