ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនស្រ្តីជិតស្មើនិងក្រុមបុរសលើសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅតាមការដ្ឋានជួសជុលប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រៅតែពីឃើញមានបុរសនិងស្រ្តី ជាប្រធានគ្រប់គ្រងការដ្ឋាន ក្នុងនោះក៏មានបុរសនិងស្រ្តី ដែលជាកម្មការិនីចូលរួមធ្វើការងារនេះចម្រុះគ្នា។តួយ៉ាង នៅការដ្ឋានជួសជុលប្រាសាទត្រពាំងល្ពៅ ឬត្រពាំងរពៅ គេឃើញមានស្រ្តីជាច្រើនជិតស្មើនិងក្រុមបុរស មានសកម្មភាពមមាញឹកបម្រើការងារលើវិស័យអភិរក្ស និងជួសជុលប្រាសាទឥដ្ឋ។ ករណីនេះបញ្ជាក់ឱ្យឃើញថា ស្រ្តីក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមអភិរក្ស និងជួសជុលប្រាសាទបុរាណដែរ។

ពលការិនីម្នាក់ក្នុងចំណោមអ្នកបម្រើការងារនៅប្រាសាទ ត្រពាំងល្ពៅ អ្នកស្រី ម៉ែន រើន រស់នៅភូមិនគរក្រៅ អាយុ ៤៣ឆ្នាំ បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០០ម៉្លេះ ដោយធ្វើជាភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ។ លុះដល់ឆ្នាំ២០១៣ អ្នកស្រីម៉ែន រើន ត្រូវបានផ្លាស់ប្តូរការងារពីភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទមកជាអ្នកជួសជុលប្រាសាទឥដ្ឋវិញម្តង។

អ្នកស្រី ម៉ែន រើន ឱ្យដឹងថា ក្នុងពេលចាប់ផ្ដើមធ្វើការងារជាអ្នកជួសជុលប្រាសាទដំបូង គឺអ្នកស្រីជួបការលំបាកខ្លាំងណាស់ ព្រោះមិនមានបទពិសោធន៍លើផ្នែកនេះពីមុនមក។  ពេលក្រុមការងារកាត់ឥដ្ឋក៏ហ៊ុយ ហើយអ្នកស្រីគិតក្នុងចិត្តថា មិនដឹងជានៅតស៊ូធ្វើបានប៉ុណ្ណានោះទេ ក៏ប៉ុន្តែដោយសារតែទឹកចិត្តស្រឡាញ់ចេះតែជម្នះធ្វើការងារជួសជុលប្រាសាទនេះរហូតមកដល់សព្វ ថ្ងៃបានរយះពេល១០ឆ្នាំហើយ និងបានចូលរួមជួសជុលប្រាសាទគោកចក ប្រាសាទក្រវ៉ាន់ និងបច្ចុប្បន្នជួសជុលនៅប្រាសាទត្រពាំងល្ពៅនេះ។

រយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ម៉ែន រើន មានភាពស្ទាត់ជំនាញជាច្រើនផ្នែកដូចជា បច្ចេកទេសជួសជុលប្រាសាទឥដ្ឋ របៀបផលិតកំបោរបាយអរ ការសម្អាតទីតាំងជួសជុល ការបិទពង្រឹងឥដ្ឋ និងរៀនពីការសម្រង់ប្លង់ជាដើម ហើយក៏មិនមានចិត្តនឹងបោះបង់ការងារនេះឡើយ។

ពលការិនីម្នាក់ទៀត អ្នកស្រី ចិ ឌី រស់នៅភូមិថ្នល់ទទឹង ស្រុកបន្ទាយស្រី បានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាតាំងពីឆ្នាំ២០០៤ ជាភ្នាក់ងារទេសចរណ៍។ កាលពីឆ្នាំ២០១៣ ក៏បានផ្លាស់ប្ដូរមកជួសជុលប្រាសាទឥដ្ឋដែរ បានឱ្យដឹងថា អ្នកស្រីធ្លាប់ចូលរួមជួសជុលប្រាសាទភ្នំ បាខែង,ប្រាសាទគោកចក និងចុងក្រោយកំពុងជួសជុលនៅប្រាសាទត្រពាំងល្ពៅ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រី ចិ ឌី ក៏មានបទពិសោធន៍ច្រើនដូចក្រុមការងារផ្សេងទៀតលើបច្ចេកទេសជួសជុលប្រាសាទឥដ្ឋ និងការងារផ្សេងៗដែលប្រធានគ្រប់គ្រងបានចាត់ចែងឱ្យធ្វើដែរ។ 

អ្នកស្រី ចិ ឌី បង្ហាញអារម្មណ៍ថា មុនពេលជួសជុលឃើញប្រាសាទបុរាណរលុះបាក់,ខ្លះរហែកជាពីរគឺមានអារម្មណ៍សង្វេកខ្លាំងក៏ប៉ុន្តែ បន្ទាប់ពីក្រុមការងារជួស ជុលមានភាពរឹងមាំ មានលំនឹងឡើងវិញ ក្នុងនាមជាអ្នកជួសជុលក៏សប្បាយចិត្ត។ អ្នកស្រី ចិ ឌី បានប្រាប់ថា ការងាររបស់អ្នកស្រីពេលខ្លះគឺមានអារម្មណ៍ថា ហត់ នឿយដែរ ក៏ប៉ុន្តែដោយហេតុតែស្រឡាញ់ក៏ចេះតែព្យាយាមខំប្រឹងមិនដកថយ គិតតែស៊ូៗទៅមុខទៀត ដើម្បីទុកសម្រាប់កូនចៅទៅមុខទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖