ស្ថាប័នរៀបចំព្រឹត្តិការណ៍ហែលទឹក ឬ World Aquatics នឹងបង្ហាញប្រភេទវិញ្ញាសាបើកថ្មីសម្រាប់អត្តពលិកកែភេទក្នុងព្រឹត្តិការណ៍ Swimming World Cup ឆ្នាំនេះក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។កាលពីឆ្នាំមុនស្ថាប័នគ្រប់គ្រងកីឡាហែលទឹកពិភពលោកបានបោះឆ្នោតបញ្ឈប់អត្តពលិកកែភេទមិនឱ្យចូលរួមក្នុងការប្រណាំងវិញ្ញាសាផ្នែកនារី។
ការអនុញ្ញាតនេះនឹងប្រកួតប្រជែងលើប្រភេទប្រណាំងចម្ងាយ៥០ម៉ែត្រនិង១០០ម៉ែត្រគ្រប់វិញ្ញាសា។ស្ថាប័ន World Aquatics បានឲ្យដឹងថា “នេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការរួមបញ្ចូល ការស្វាគមន៍អ្នកហែលទឹកគ្រប់ភេទ និងអត្តសញ្ញាណយេនឌ័រ”។
កាលពីឆ្នាំមុន World Aquatics បានអះអាងថា ប្រភេទកីឡានេះគឺសម្រាប់អ្នកហែលទឹកដែលមានអត្តសញ្ញាណយេនឌ័រខុសពីភេទពីកំណើតរបស់ពួកគេ។ ដោយពណ៌នាអំពីការបង្កើតភេទបើកចំហនៅទីក្រុងប៊ែកឡាំងជាគម្រោងសាកល្បងត្រួសត្រាយផ្លូវ World Aquatics ថា ព្រឹត្តិការណ៍ជាច្រើនទៀតអាចត្រូវបានបន្ថែម។
ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកមួយនេះបញ្ជាក់ថា លក្ខខណ្ឌលម្អិតនៃការចូលរួម និងពេលវេលាចូលរួមនឹងត្រូវបានផ្តល់ជូនក្នុងពេលឆាប់ៗនេះ។ ដើម្បីមានសិទ្ធិ អ្នកហែលទឹកត្រូវការទំនាក់ទំនងជាមួយសហព័ន្ធជាតិ ហើយនឹងត្រូវបានផ្តល់ភាពបត់បែនក្នុងការចូលរួមជាលក្ខណៈបុគ្គល សម្រាប់ក្លិប ក្រុមរបស់ពួកគេ ឬជាសមាជិកសហព័ន្ធជាតិ”។
ការប្រកួតនៅទីក្រុងប៊ែកឡាំងដែលប្រព្រឹត្តទៅនៅថ្ងៃទី៦–៨ ខែតុលា គឺជាប្រកួតលើកដំបូងក្នុងចំណោមការប្រកួតលំដាប់ពិភពលោកចំនួន៣នៅឆ្នាំនេះ។ នេះគឺជាផ្នែកសំខាន់នៃប្រតិទិនកីឡាហែលទឹកដែលនឹងមកដល់ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ World Aquatics Championships នៅ Fukuoka និងមុនពេលព្រឹត្តិការណ៍ដូចគ្នានៅទីក្រុង Doha ក្នុងខែមករា។
អនុប្រធានសហព័ន្ធកីឡាហែលទឹកអាល្លឺម៉ង់លោក Kai Morgenrothបាននិយាយថា “ម្ចាស់ផ្ទះមានមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍មួយដែលអ្នកហែលទឹកអាចប្រកួតប្រជែងដោយគ្មានឧបសគ្គ។ ទីក្រុងប៊ែកឡាំងគឺជាមជ្ឈមណ្ឌលរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ភាពចម្រុះ និងការរួមបញ្ចូល ដូច្នេះហើយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់គម្រោងរីកចម្រើនលើការប្រកួតបែបនេះ”។
World Aquatics ដែលពីមុនត្រូវបានគេស្គាល់ថា ឈ្មោះ Fina បាននិយាយថា ការអនុញ្ញាតឲ្យមានកីឡាករកែភេទចូលរួមនេះ បានសង្កត់ធ្ងន់លើការទទួលបានបទពិសោធន៍បន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត និងការអបអរសាទរភាពចម្រុះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)