ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ កំណាត់ផ្លូវជាតិ លេខ៧៦A ដែលបាក់ស្រុត នៅចំណុចស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបើកដំណើរការមកវិញ ខ្លះហើយ ប៉ុន្តែចរាចរណ៍នៅមិនទាន់បានរលូន១០០%នោះទេ។ សេចក្តីរាយការណ៍បាន ឱ្យដឹងរថយន្តធុនតូចអាចធ្វើដំណើរលើផ្លូវជួសជុលនោះបាន ខណៈឡានធំៗ តម្រូវឱ្យបើកវាង ចូលក្នុងព្រៃដែលបានរៀបចំ។

អធិការនគរបាលស្រុក អូររាំង លោក វ៉ាន់ ដានីន បានថ្លែងថា គិតមកដល់រសៀលថ្ងៃទី១៨សីហា នេះ រថយន្តរាប់សិបគ្រឿង ដែលរងការកកស្ទះនោះ បានបន្តដំណើរទៅមកបានហើយ ប៉ុន្តែចំណុចដែលជាឧបសគ្គនេះ នៅមិនទាន់អាចរាចរណ៍បានរលូន ១០០% នោះទេ។

ចំពោះឧបសគ្គនៃផ្លូវជាតិលេខ ៧៦A ចំណុចអូរងើយ បានរងការបាក់ស្រុត កាលពីថ្ងៃទី១ ខែសីហា បាននាំឱ្យចរាចរណ៍លើកំណាត់ផ្លូវនោះ ត្រូវបានបិទទាំងស្រុង។ ប៉ុន្តែក្រោមចំណាត់ការរបស់ខេត្ត គេបានរៀបចំធ្វើផ្លូវវាងមួយកាត់ព្រៃ នៅទន្ទឹមនឹងការជួសជុលកំណាត់ផ្លូវដែលខូចខាតនោះ។ 

កាលពីថ្ងៃទី១៦ សីហា អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន បានចុះបញ្ជាដោយផ្ទាល់ដោយឱ្យគ្រឿងចក្រ គាស់កាយដីចំណីផ្លូវកន្លែងបាក់ស្រុត ដាក់ដីថ្មីក្រាលថ្ម កិនបង្ហាប់ ដើម្បីទុកឱ្យរថយន្តតូចៗឆ្លងម្តងបួនដប់ ដើម្បីបញ្ចៀសការប្រជ្រៀតគ្នាបើកលើផ្លូវដែលជួសជុលនោះ។ ចំណែករថយន្តធុនធំ ត្រូវធ្វើដំណើរឡើងទៅផ្លូវវាង ដោយមានគ្រឿងចក្រចាំជួយរុញ ឬអូសផងដែរ។

លោកអភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវនៅប្រចាំការជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដ្បិតលោកកត់សម្គាល់ថា មានពលរដ្ឋមួយចំនួនហាក់មិនស្តាប់តាមការណែនាំរបស់ក្រុមការងារ ដែលនៅទីតាំងជួសជុលផ្លូវឡើយ ដោយពលរដ្ឋទាំងនោះអះអាងលើការប្រញ៉ាប់ ចេះតែត្បុលរុលទៅមុខ បង្កការរំខានដល់សកម្មភាពក្រុមការងារគ្រឿងចក្រ ដោយពួកគេមិនអាចធ្វើការរបស់ខ្លួនពេញ ដៃពេញជើងបានឡើយ។ 

ការជួសជុលផ្លូវនេះក៏កំពុងទន្ទឹមនឹងស្ថានភាពធ្លាក់ភ្លៀងគ្មានឈប់ឈរក្នុងខេត្តមណ្ឌលគិរីនោះដែរ ។ អាជ្ញាធរខេត្តមណ្ឌលគិរី នៅមិនទាន់អាចបញ្ជាក់ថា តើផ្លូវដែលកំពុងជួសជុលនោះ នឹងត្រូវរួចរាល់ស្ថាពរនាពេលណា មួយឡើយ ប៉ុន្តែការដោះស្រាយដើម្បីជួយសម្រួលឱ្យពលរដ្ឋធ្វើដំណើរ ត្រូវគេឃើញថា បានដំណើរការខ្លះបើទោះបីជាមិនបានច្រើនទាំងស្រុងក៏ដោយ៕

ដោយ៖ សហការី


ចែករំលែក៖