ប្រធានក្រុមជម្រើសជាតិអង់គ្លេស និងជាខ្សែប្រយុទ្ធ Harry Kane បានស៊ុតបញ្ចូលទី១គ្រាប់ និងបង្កើតឱកាស១គ្រាប់ក្នុងការប្រកួតដំបូងនៅ Bundesliga រដូវកាលថ្មី២០២៣-២០២៤ របស់គាត់ ខណៈដែលម្ចាស់ជើងឯក Bayern Munich បានកត់ត្រាជ័យជម្នះយ៉ាងត្រចះត្រចង់នៅលើទឹកដីក្រុម Werder Bremen ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ សីហានេះ។
Kane បានប្រើជើងស្តាំស៊ុតផុតដៃអ្នកចាំទីម្ចាស់ផ្ទះ Jiri Pavlenka ពីចម្ងាយរកបាន១គ្រាប់ដែលជាគ្រាប់បាល់ដំបូងរបស់គាត់នៅក្លិបថ្មីនេះ និងជាគ្រាប់ទី២ក្នុងជ័យជម្នះខាងលើ។ គ្រាប់ទី១រកបានដោយខ្សែបម្រើប្រយុទ្ធ Leroy Sane នៅនាទីទី៤ ដែលជាការបញ្ជូនបាល់ឲ្យរបស់ Kaneនិងគ្រាប់បាល់ទី២រកបានដោយ Kane ខណៈគ្រាប់បាល់ទី៣រកបានដោយ Leroy Sane ១គ្រាប់ទៀត។ កីឡាករ Mathys Tel បានបញ្ចប់ការទទួលជ័យជម្នះយ៉ាងងាយស្រួលសម្រាប់ក្រុមរបស់លោក Thomas Tuchel នៅចុងម៉ោង នៅនាទីទី៩០+៤ ដែលជាគ្រាប់ទី៤ក្នុងការប្រកួតនេះ។
Kane បានប្រាប់ទូរទស្សន៍ DAZN ក្រោយការប្រកួតថា “ខ្ញុំមានការភ័យខ្លាចបន្តិចហើយក៏រំភើបចិត្តក្នុងការលេងហ្គេមនេះ។ យើងបានចាប់ផ្តើមយ៉ាងល្អជាមួយនឹងគ្រាប់បាល់នៅប៉ុន្មាននាទីដំបូង។ ប្រាកដណាស់ថាមានការមិនសូវស៊ីចង្វាក់គ្នានៅពេលដំបូងនៃការប្រកួត ប៉ុន្តែដូចរាល់ដងនៅពេលដែលខ្ញុំឡើងលើទីលានគឺត្រូវតែផ្តោតទៅលើការប្រកួត”។
នេះជាពេលដ៏ល្អសម្រាប់ Bayern និងកីឡាករ Kane ដែលចុះហត្ថលេខាលើកំណត់ត្រារបស់ក្លិប ដែលបានមកដល់ទីក្រុង Bavaria ដើម្បីទទួលបានអ្នកគាំទ្រដ៏អស្ចារ្យ ប៉ុន្តែបានចាប់ផ្តើមខកចិត្តជាមួយនឹងការបរាជ័យ ៣-០ ក្រោមស្នាដៃក្រុម RB Leipzig ក្នុងពានរង្វាន់ German Super Cup។
Kane បានស៊ុតបាល់បញ្ចូលទីដំបូងសម្រាប់ក្រុម និងបានបង្កើតឱកាសសម្រាប់ Sane ដែលជាកីឡាករឆ្នើមម្នាក់ដែលត្រូវបានគេគិតថា ជាអ្នកដែលអាចជំនួសម្ចាស់ស្បែកជើងមាស Robert Lewandowski ក្នុងរយៈពេលមួយឆ្នាំពីការផ្ទេរខ្សែប្រយុទ្ធប៉ូឡូញរូបនេះទៅ Barcelona។
លទ្ធផលនេះធ្វើឲ្យក្រុមជើងឯក Bayern Munich ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើកឆាករដូវកាលថ្មីក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ ឈរកំពូលតារាងបណ្តោះអាសន្ន។ ក្រុម Bayern Munich ត្រូវជួបក្រុមភ្ញៀវ Augsburg នៅថ្ងៃទី២៧ សីហាខាងមុខសម្រាប់ការប្រកួតក្នុងសប្តាហ៍ទី២នៃ Bundesliga រដូវកាលថ្មី ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)