ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៤០នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិត នៅក្រុមទី៧ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រីលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកជំនាញរួមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នាម ហេង ភេទស្រី អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងសម្ភារះវត្ថុតាងមាន៖
-ខ្សែកផ្លាទីនមានបណ្តោងផ្លាទីនដាំត្បូងពណ៌ទឹកសមុទ្រ ១ ខ្សែ
-នាឡិកា ចំនួន ០១ គ្រឿង និងប្រាក់រៀល ចំនួន ៦១៤.៥០០រៀល ។
ចំពោះមូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៧ និង០៥ នាទី មានករណី អំពើលួច (លួចខ្សែក,នាឡិកាដៃ និងប្រាក់) កើតឡើងនៅចំណុចក្រុមទី០៧ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលករណីនេះបង្កដោយជនសង័្សយខាងលេី ធ្វេីសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ទឹន សារុំ ភេទស្រី អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយលួចយកកាបូបស្ពាយដែលជនរងគ្រោះទុកនៅលើតុ ក្នុងផ្ទះដោយនៅក្នុងកាបូបនោះមាន៖
-គ្រឿងអលង្កា ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែមានតម្លៃប្រមាណ៣លានរៀល,ប្រាក់រៀលចំនួន១២០,០០០ រៀល និងនាឡិកាដៃចំនួន ០១ គ្រឿង ។
ពេលដឹងថាបាត់ ជនរងគ្រោះបាន ប្តឹងមកសមត្ថកិច្ចហើយពេលបន្ទាប់ពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកសំពៅលូនស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យតែម្តង។
ពេលនេះនគរបាលស្រុកសំពៅលូន បានរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញហើយ៕
ដោយ៖ សូរិយា