ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពលួចកាបូបបាន ៤ម៉ោងត្រូវសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់ រហូតដល់បង្ក្រាបករណី លួចកាបូបលុយ ជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ ម្នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ចំណុចមុនផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហុក យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ គង់ សុធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ នៅព្រឹកថ្ងៃកើតហេតុ បុរសជនរងគ្រោះ បានទុកកាបូបលុយ ក្នុងហោប៉ៅខោ រួចយកទៅព្យួរនៅលើដៃម៉ូតូ ដោយក្នុងកាបូបមានលុយ 400$ រួចគាត់បានចូលទៅធ្វើសំណង់បន្ត ភ្លាមនោះស្រាប់តែជនសង្ស័យម្នាក់ជិះកង់ មកជិត ដោយឃើញឱកាសល្អ បានធ្វើសកម្មភាពលួចកាបូបជនរងគ្រោះ បានសម្រេចគេចខ្លួនបាត់។ លុះដល់ម៉ោង១៥និង ៤០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និង ដកហូតវត្ថុតាងកង់ មួយគ្រឿង (ជិះធ្វើសកម្មភាព), កាបូប លុយមួយ, លុយចំនួន ៤០០ ដុល្លារ (របស់ជនរងគ្រោះ) និង បានបញ្ជូនមកប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ធ្វើការសាកសួរ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ធ្វើការសាកសួរ និង បញ្ជូនបន្ត ទៅអធិការនគេបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖