ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការនគរបាលខណ្ឌឫស្សីកែវ ៖ សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យវាយគ្នានោះទេទាល់តែព្រះរាជអាជ្ញាទើបមានសិទ្ធិសម្រេចនៅក្រៅឃុំបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងនារសៀលថ្ងៃទី២០សីហានេះថា សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យវាយគ្នានោះទេ ទាល់តែព្រះរាជអាជ្ញាទើបមានសិទ្ធិសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងអាចមានសិទ្ធិចាត់ការតាមនីតិវិធីបាន។

    បើតាមសម្តីលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា កាលពីម៉ោង១០យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានករណីវាយគ្នាទៅវិញទៅមកបានកើតឡើងនៅលើផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយក្រោយកើតហេតុជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

     ក្រោយពេលឃាត់ខ្លួនជនសង្ស័យករណីហិង្សាវាយគ្នាទៅវិញទៅមកនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវនោះ ទើបនៅព្រឹកថ្ងៃទី២០ ខែសីហាឆ្នាំ២០២៣ មានប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវដើម្បីឱ្យសមត្ថកិច្ចយើងមានការដោះលែងក្រុមជនសង្ស័យដែលវាយគ្នាទៅវិញទៅមកនោះ។

    លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលបានមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក៏ដូចជាសាធារណជនទាំងអស់ឱ្យបានជ្រាបថា សមត្ថកិច្ចយើងក្រោយពេលឃាត់ខ្លួនជនសង្ស័យដែលវាយគ្នាទៅវិញទៅមកទាំង៩នាក់នេះ គឺសមត្ថកិច្ចយើងបានរាយការណ៍ជូនថ្នាក់ដឹកនាំនិងព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញាក៏បានឱ្យធ្វើកំណត់ហេតុសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។

    ក្រោយពេលមានការតវ៉ាលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ក៏បានអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋដែលមកតវ៉ាមកប្រាប់អំពីហេតុផលថា បើបងប្អូននាំគ្នាមកតវ៉ានៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវនេះ ក៏សមត្ថកិច្ចយើងគ្មានសិទ្ធិដោះលែងជនសង្ស័យទាំងនោះដែរ ទាល់តែមានការឯកភាពពីព្រះរាជអាជ្ញាទើបសមត្ថកិច្ចយើងហ៊ានដោះលែង។

លោកអធិការក៏សូមឱ្យបងប្អូនអញ្ជើញទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីខាងតុលាការផ្តល់ភាពយុត្តិធម៌ឱ្យភាគីទាំងសងខាងថាខាងណាខុសខាងណាត្រូវ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖