ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃចន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងបឹងទន្លេសាប នៅស្រុកកណ្ដៀង ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន ០៦គ្រឿង កម្លាំងសរុប ២៦នាក់ ជាក់ស្ដែងដកហូត និងរឹបអូសបានវត្ថុតាងជាបទល្មើសនេសាទខុសច្បាប់ជាច្រើន។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមមានសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការជាមួយ កម្លាំងគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមានការចូលរួម កងរាជអាវុធហត្ថស្រុក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យោធាខេត្ត និងក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្តី លោកវរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បានចេញប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងស្ទឹង និងចំណុចព្រែកកំពង់គុជ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក សៀន វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលចំនួន ០១ករណី វត្ថុតាងរួមមាន៖ របាំងសាច់អួនក្រឡាល្អិតចំនួន២០ខ្សែ ប្រវែង ៣៨០០ម៉ែត្រ, ក្បាលបរចំនួន ១៧គ្រឿង, លូកងស្បៃមុងចំនួន ៣២មាត់, បង្គោលចំនួន ៧៥០ដើម, បានចាក់លែងកូនត្រីចំរុះទម្ងន់ ៥៥គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ៕
ដោយ៖ សហការី