ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសារលិខិតអបអរសាទររបស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ មានខ្លឹមសារថា៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ មានសេចក្តីសោមនស្សរីករាយជាអនេក និងសូមអនុញ្ញាតសម្តែងអំណរសាទរយ៉ាងស្មោះ អស់ពីដួងចិត្ត ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧។
ការទទួលបានសេចក្តីទុកចិត្តពីរដ្ឋសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងចំណេះដឹងខ្ពស់ពោរពេញដោយសមត្ថភាព ទេពកោសល្យ សីលធម៌ គុណធម៌ សុជីវធម៌ និងគំរូវីរភាពដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជានាពេលកន្លងមក រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនឆ្នើមវ័យក្មេងមួយរូប ដែលបានចូលរួមយ៉ាងសកម្មបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំណែទម្រង់កងយោធពលខេមរភូមិន្ទ និងបានលើកកម្ពស់កិត្យានុភាពកងយោធពលខេមរភូមិន្ទ ឱ្យស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់និងពិភពលោក។
ក្នុងឱកាសដ៏ប្រពៃនេះ កងយោធពលខេមរភូមិន្ទ សូមប្រកាសជាឱឡារិកប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសមិទ្ធផលជាតិទាំងឡាយ ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្របន្សល់ទុកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍នៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ប្តេជ្ញាការពាររាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងប្តេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិនិងមនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការញុះញង់ បង្កឱ្យមានចលាចលក្នុងសង្គម ដែលមានចរិតជាបដិវត្តពណ៌ សំដៅបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេស ជាតិ។
យើងខ្ញុំទាំងអស់គ្នា សូមជូនពរ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕
ដោយ៖ សហការី