ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចឃាត់ខ្លួន អ្នកទោសដែលជាមេខ្លោងគ្រឿងញៀន ដែលជនបិទមុខ៦នាក់មករំដោះនៅខេត្តសៀមរាបនោះបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានតាមប្រម៉ាញ់ នឹងឃាត់ខ្លួន មេខ្លោងគ្រឿងញៀន ដែលត្រូវជាប់ទោស៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀនចំនួន២លើក ហើយមានក្រុមជនបិទមុខ៦នាក់ បានបើករថយន្តមួយគ្រឿង មកភ្ជុងសមត្ថកិច្ច រួចរំដោះមេខ្លោងជាអ្នកទោសនោះដើម្បីគេចខ្លួននៅមន្ទីរពេទ្យធ្មេញមួយកន្លែង នៅខេត្តសៀមរាប កាលពី ថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣។

សូមរំលឹកថា កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២៣ កន្លងទៅនេះ មានបទល្មើសមួយបានកើតឡើង ដោយមានក្រុមឧក្រិដ្ឋជន បើកបររថយន្ត Lexus មកភ្ជុងរំដោះអ្នកទោស  ទីតាំងកើតហេតុនៅក្បែរហាងបបរ.សរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប៉ុន្តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាជធានី-ខេត្ត បានសហការក្នុងប្រតិបត្តិការស៊ើបអង្កេតជុំវិញរឿងរ៉ាវ ក្រុមជនបិទមុខរំដោះ អ្នកទោស ដែលជាមេខ្លោងគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាបចំនួន៥២ឆ្នាំ ហើយមេខ្លោងរូបនេះទើបតែឃុំខ្លួននៅពន្ធនាគារបានរយៈពេល១៤ឆ្នាំប៉ុណ្ណោះ ។ 

រហូតកម្លាំងសមត្ថកិច្ច បានធ្វើការខ្លួនបានជាបន្តបន្ទាប់ បាន៧នាក់ដែលជាក្រុមជនបិទមុខដែលធ្វើសកម្មភាពរំដោះអ្នកទោសដែលជាមេខ្លោង ពិរុទ្ធជនរូបនោះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ។ ទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចខំប្រឹងប្រែងស៊ើបអង្កេតដើម្បីតាមស្វែងរក ដើម្បីឃាត់ខ្លួន មេខ្លោងដែលត្រូវរំដោះ ជាពិរុទ្ធជនរូបនោះ រហូតឈានដល់ការឃាត់ខ្លួន មេខ្លោងរូបនោះ ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី ជំនួយការលោកអគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយដឹកនាំសហការជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ធ្វើការស្រាវជ្រាវនិងចាប់បង្រ្កាបចំនួន០២ទីតាំងផ្សេងៗគ្នា នៅចំណុចអាកាសយាន្តដ្ឋាន អន្តរជាតិ ភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបូរីអូគីដេ ផ្លូវ៦អា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជារួមក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់មេខ្លោង ដែលរំដោះ និងបក្ខពួកដែរជាអ្នកឃ្លាំមើល និងសង្កេតការណ៍ ជុំវិញទីតាំង សរុប៣នាក់បន្ថែមទៀត នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ 

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួន ពិរុទ្ធជន ជាមេខ្លោង រូបនេះទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖