ខេត្តរតនគិរី ៖ ក្រុមឈ្មួញដែលធ្លាប់រកសុីដឹកឈើខុសច្បាប់នៅខេត្តរតនគិរីពេលនេះបាននាំគ្នា ចាប់ផ្តើមបន្ដដឹកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យដូចមុនទៀតហើយ ។
ជាក់ស្ដែងនៅវេលាម៉ោង៩យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះលោកលឹម ឡេងលីហួ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដឹកនាំកម្លាំងចុះទៅស្ទាក់ចាប់បានម៉ូតូមួយគ្រឿងដឹកឈើសុក្រំធំៗ នៅតាមផ្លូវលេខ៧៨ត្រង់ចំណុច វត្ដអូរជុំ ក្នុងភូមិថារ៉ងជងទីរួមស្រុកអូរជុំ ប៉ុន្ដែអ្នកបើកម៉ូតូដឹងខ្លួនមុនក៏ទំលាក់ចោលឈើរួចបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។
លោកលឹម ឡេងលីហួ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តរតនគិរីមិនអាចសុំការបញ្ជាក់បានទេតែមន្ត្រីប៉ូលិសថាឈើដែលស្ទាក់ចាប់បាននោះជាប្រភេទឈើសុក្រំ មានចំនួន៣ដុំដែល មានមុខកាត់ប្រហែល៣០ឃ្លុំ គឺ(៣តឹក គុណនិង ៣តឹក)ប្រវែងជាង១ម៉ែត្រ ក្រោយពីបង្ក្រាបបានពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គឺធ្វើការប្រគល់ឈើនោះភ្លាមៗឲ្យទៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំដើម្បីបន្ដចាត់ការ តាមច្បាប់។
គួរកត់សម្គាល់ថាឈើដែលឈ្មួញបានដឹកមកលក់ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់នោះភាគច្រើនគឺឈ្មួញបានប្រមូលទិញឈើពីស្រុកវ៉ឺនសៃនិងស្រុកតាវែង រួចដឹកតាមម៉ូតូកាត់ស្រុកអូរជុំស្ទើររាល់យប់ យកមកលក់ឲ្យសិប្បកម្មនៅទីរួមខេត្តរតនគិរីនិងមួយចំនួនត្រូវបានឈ្មួញដឹកទៅលក់បន្ដឲ្យវៀតណាម តែពុំដែលមានសមត្ដកិច្ចពាក់ព័ន្ធដែលឈរជើងព្រោងព្រាតនៅមូលដ្ឋាននោះបង្ក្រាបឡើយ។
ប៉ុន្ដែពេលនេះត្រូវបានកម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ដរតនគិរីចាប់ផ្ដើមបញ្ចេញស្នាដៃហើយគឺចុះបង្ក្រាបពុំរើសមុខទេ៕
ដោយ ៖ ជីវ័ន្ត