ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីនគរបាលក្រមខណ្ឌថ្មីក្រសួងមហាផ្ទៃ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានចំនួន៦៥នាក់ ស្រី១០នាក់ ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានសម្តែងនូវការអបអរសាទរចំពោះមន្រ្តីក្របខណ្ឌថ្មីដែលទើបប្រលងជាប់ទាំងអស់ ត្រូវខិតខំបំពេញការងារទៅតាមតួនាទី ភារកិច្ច និងខិតខំប្រឹងប្រែងក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យមានសុខសុវត្ថិភាព។
ជាមួយគ្នានេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃពុធទី២៣ ខែសីហានេះដែរ បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ តែងតែចាត់ឱ្យមន្រ្តីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការគ្នាចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងធ្វេីបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបេីកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៣ ដល់សិស្សសាលាតាមអនុវិទ្យាល័យ និងវិទ្យាល័យនានាក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
ដោយឡែកនាពេលរាត្រី សមត្ថកិច្ចជំនាញផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ៕
ដោយ៖សហការី