ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពជាក់ស្តែងលួច ( ប្រើដែកសំប៉ែតចុងស្រួចបុកទម្លុះសោ.កម៉ូតូ ) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៨នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ធូ រត្ថា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកើតហេតុខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)
និងជនសង្ស័យ្នាក់ទៀតឈ្មោះ ខិន ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)។
+សម្ភារបាត់បង់:
– ម៉ូតូ០១គ្រឿងម៉ាក click ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1FP-6566
+សម្ភារដកហូតរួមមាន៖
– ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125
ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យ)។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះចំណុចកើតហេតុ ដោយមិនបានចាក់សោកត្រឹមត្រូវទេ។ បន្ទាប់មកមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរចេញពីម្ដុំផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ គោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ពេលជនសង្ស័យធ្វើដំណើរមកដល់ចំណុចកើតហេតុក៏ឃើញម៉ូតូជនរងគ្រោះចតនៅខាងមុខផ្ទះ ហើយជាឱកាសស្ងាត់ជនសង្ស័យឈ្មោះខិន ឌីណា ជាអ្នកចាំមើលផ្លូវ រីឯជនសង្ស័យឈ្មោះពិន រដ្ឋា បានធ្វើសកម្មភាពប្រើដែកសំប៉ែត្រចុងស្រួចចាក់បំបែកគ្រាប់សោម៉ូតូបានសម្រេច ហើយនាំគ្នាជិះគេចខ្លួន និងបានយកម៉ូតូទៅលក់អោយជនសង្ស័យឈ្មោះយូ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ និងជនសង្ស័យឈ្មោះង៉ោ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ បានប្រាក់៣០០.០០០មុឺនរៀលនៅម្តុំផ្ទះមិនរៀបរយមាត់ទន្លេក្នុងសង្កាត់ព្រែកព្នៅនិងបានសុីចាយនិងប្រើគ្រឿងញៀនអស់ ហើយគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២។ ក្រោយទទួលបណ្ដឹងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥និង០០នាទី នៅចំណុចផ្លូវ១០០៣ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវយកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ៖ ជីណា