ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅវិមានសន្តិភាព លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា បរិស្ថានគ្របដណ្តប់ កំណត់នូវក្របខណ្ឌពេញលេញ និងគ្រប់ជ្រុងជ្រោយដើម្បីធានាការសម្រេចបាននូវអាទិភាពគោលនយោបាយនៃយុទ្ធសាស្រ្ត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖

ទី១- ការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលកត្តាទាំងនេះ ជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ទី២- ការប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ និងឈ្លាសវៃ ដែលមានគោលដៅយុទ្ធសាស្រ្តផ្តោតលើ ការបន្តពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ ក្នុងកិច្ចការពារ និងក្នុងការជំរុញបង្កើនផលប្រយោជន៍ស្នូលរបស់ជាតិ និងការកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ព្រមទាំងការចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុ សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងសកលលោក

ទី៣- ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព

ទី៤- ការបន្តកសាងភាពជាដៃគូ ប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលជាកិច្ចការចាំបាច់ដ៏សំខាន់មួយទៀត សម្រាប់បង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព

ទី៥- ការបន្តធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងតំបន់និងសកលលោក ដែលផ្តោតលើការបង្កើតកាលានុវត្តភាព ក្នុងការជំរុញ និងការគាំទ្រ ពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ ក៏ដូចជាការចូលរួមកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់នៃតំបន់ និងជាសកល សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ 

លោកបណ្ឌិតមានប្រសាសន៍ទៀតថា : ជារួម, យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល បាន បំពេញតួនាទីយ៉ាងប្រសើរ ជារបៀបវារៈគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបានផ្តល់នូវក្របខ័ណ្ឌរួម សម្រាប់ការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ, ដែល ប្រព័ន្ធអភិបាលកិច្ច ត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ, មានភាពធន់ និង មានប្រសិទ្ធភាព និង សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងល្បឿនខ្ពស់ ដែលត្រូវបាន ទទួលស្គាល់, ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស សម្រាប់ការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងរយៈពេលដ៏ខ្លីជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និង ការកាត់បន្ថយភាពក្រីក្រយ៉ាងរហ័ស, ព្រមទាំងការធ្វើសមាហរណកម្មដោយជោគជ័យ ទៅក្នុង តំបន់ និងសកលលោក ។

ជោគជ័យដ៏ធំធេង និងត្រចះត្រចង់ខាងលើ បានមកពីកិច្ចខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ របស់រាជរដ្ឋាភិបាល ដែលប្រកាន់ខ្ជាប់នូវការតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ, ព្រមទាំង ការអនុវត្តការកែទម្រង់ជាប្រចាំ ដោយមានការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធ, ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ។ កិច្ចប្រឹងប្រែង និងការចូលរួមទាំងនេះ ក៏ជាមូលដ្ឋានដ៏រឹងមាំ ដែលអនុញ្ញាតឱ្យកម្ពុជារក្សាបានគត់មត់នូវ សុខសន្តិភាព និងស្ថិរភាពនយោបាយ, ហើយលើសពីនេះ ពង្រឹងភាពជាម្ចាស់លើជោគវាសនា ប្រទេសជាតិ ព្រមទាំងលើកកម្ពស់វិបុលភាពជូនប្រជាជន ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ។

លោកបណ្ឌិតថា , ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅ ក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល លំបាក និងមិនប្រាកដប្រជា ។ កម្ពុជាត្រូវ ប្រឈមនឹងបញ្ហាថ្មី ក្នុងអន្តរកាលឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលខ្ពស់ និងត្រូវ សម្របជាប្រចាំ តាមនិន្នាការប្រែប្រួលសកល ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសមត្ថភាពស្ថាប័នគ្រប់កម្រិត ដោយផ្សារភ្ជាប់នឹងការធានា បាននូវគោលនយោបាយសមស្រប និងសមត្ថភាពអនុវត្តជាក់ស្ដែង, លទ្ធផលការងារ និង ការទទួលខុសត្រូវ ។

ឈរលើមូលដ្ឋាននេះ, ការគិតគូរអំពីរបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់- កាលបន្ទាប់ គឺជាការសម្លឹងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដោយ ផ្អែកលើបទពិសោធន៍ និងសមិទ្ធផល ២៥ ឆ្នាំកន្លងមក និងការវាយតម្លៃប្រមើលសម្រាប់ ២៥ ឆ្នាំទៅមុខ, ហើយរៀបចំឡើងនូវយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ជាដំណាក់កាលៗ ។ កន្លង មក, យុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល អាចត្រូវបានចាត់ ទុកជា ដំណាក់កាលមួយនៃការកសាងជាតិ ដោយផ្តោតជាសំខាន់ លើការស្តារ និងការកសាង ប្រទេស ដែលទើបងើបចេញពីសង្គ្រាម; ការរក្សាសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម; ការធ្វើសមាហរណកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងសកល; ការអភិវឌ្ឍ និងការរក្សា ស្ថិរភាពសេដ្ឋកិច្ច និង សង្គម; និងការប្រឹងប្រែងលើកកម្ពស់ជីវភាពប្រជាជន។ សម្រាប់រយៈ ពេល ២៥ ឆ្នាំបន្ទាប់ ដែលជាវដ្តថ្មី, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យ ឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០៕

ដោយ ៖ សិលា


ចែករំលែក៖