ខេត្តបន្ទាយមានជ័យ៖ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ អនុវត្តសម្រេចបានប្រមាណ៥០%ហើយ ដែលជាកម្ចីហិរញ្ញប្បទាន ADB ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដើម្បីកែលម្អក្រុងមួយនេះឱ្យទៅជាទីក្រុងមួយដ៏ស្រស់ស្អាត ប្រកបដោយផាសុខភាព។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលក្រុមការងារអនុវត្ត “ គម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាបជំហាន២” ក្នុងក្រុងសិរីសោភ័ណដែលកំពុងអនុវត្តនិងបានធ្វើការជួសជុលផ្លូវឡើងវិញជាបណ្តើរៗ នូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយសារគម្រោង នៅក្នុងនៅភូមិតារាងបាល់ (ផ្លូវយ៉ាំង ម៉េងតុល)សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ រដ្ឋបាលក្រុងសិរីសោភ័ណបាន ឱ្យដឹងថា ការអនុវត្តគម្រោងកែលម្អ បរិស្ថាន ជុំវិញទន្លេសាប ជំហាន២ សម្រាប់ក្រុងសិរីសោភ័ណ មានអនុគម្រោង២ អនុគម្រោងទី១ កែលម្អប្រព័ន្ធលូទឹកកង្វក់(ប្រភេទលូ អ៊ុយ) និងអាងចម្រុះ និងអនុទី២ កែលម្អទីលានចាក់សំរាម (អនុវត្តជំហានបន្ទាប់ ឆ្នាំ២០២៤)។
មន្ត្រីដ៏ដែលបន្តថា អនុគម្រោងទី១ ត្រូវបានអនុវត្ត ភ្ជាប់ប្រព័ន្ធលូតាមផ្ទះ ក្នុងផែនការគម្រោងទូទាំងក្រុង មាន៤សង្កាត់រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ដែលបានប្រវែងចំនួន១១២គីឡូម៉ែត្រ។ បច្ចុប្បន្ននេះអនុវត្តសម្រេចបានចំនួន៥០%ហើយ គ្រោងបញ្ចប់ក្នុងកំឡុងខែកញ្ញា ឆ្នាំ២០២៤នាពេលខាងមុខ។ ដោយឡែកចំពោះគម្រោងដែលបានអនុវត្តរួច អ្វីដែលធ្វើប៉ះពាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារនិងធ្វើការជួសជុលឡើងវិញទាំងអស់។ ចំពោះអត្ថប្រយោជន៍ ដែលពលរដ្ឋទទួលបាន ១-ការតភ្ជាប់ជូនឥតគិតថ្លៃ, ២- ពលរដ្ឋលែងព្រួយបារម្ភស្ទះបង្គន់ ស្ទះប្រព័ន្ធលូទឹក, ៣-បរិស្ថាននៅជុំវិញផ្ទះស្អាត គ្មានក្លិនស្អុយ, ៤-ទឹកកង្វក់ត្រូវបានចម្រុះ មុនបញ្ចូលទៅក្នុងស្ទឹង ដែលមិនប៉ះពាល់មច្ឆាជាតិឡើយ៕
ដោយ ៖ វណ្ណា