ព័ត៌មានទាន់ហេតុការណ៍៖

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលសាធារណៈ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ម្សិលមុិញ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល​ រូមមានមណ្ឌលសុខភាពសំរោង មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវ៉ាញ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល រួមទាំងបញ្ហាប្រឈមនានា ដេីម្បីជំរុញសេវាថែទាំសុខភាពនៅក្នុងខេត្ដនេះ ឱ្យកាន់តែធានាបាននូវគុណភាព​ សុវត្ថិភាព ប្រសិទ្ធភាព​​ ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ជំរុញបង្ខិតសេវាថែទាំសុខភាព ឱ្យបានកាន់តែគៀកប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពសំរោង ដែលជាមណ្ឌលសុខភាពជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្តពោធិ៍សាត់ នឹងជាបេក្ខភាពត្រៀមប្រឡងអង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងវិស័យសុខាភិបាលពីគណ:កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណ:ថ្នាក់ជាតិ ដេីម្បីសិក្សាស្វែងយល់ពីការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និងដំណេីរ​ការប្រេីប្រាស់​សេវាសុខភាពសាធារណៈ​ ក្នុងគោលបំណងពង្រឹង​ និងពង្រីកមូលដ្ឋានសាធារណៈ​ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។  

ជាចុងក្រោយ លោកសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ​ និងក្រមសីលធម៌វិជ្ជាជីវ:ខ្ពស់។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ លោក លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គនាយកបច្ចេកទេសសុខាភិបាល អភិបាលរងនៃគណ:អភិបាល​ខេត្តពោធិ៍សាត់​ និងលោកអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់​ និងក្រុមការងារបច្ចេកទេស​ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕

ដោយ ៖ សិលា


ចែករំលែក៖