ខេត្តព្រះសីហនុ៖ មុខសញ្ញាជួញដូរគ្រឿងញៀនជនជាតិចិនចំនួន ៣នាក់ រួមនឹងគ្រឿងញៀនជាច្រើនគីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បង្ហាញមុខជាសាធារណៈ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងការិយាល័យ(ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវ និងចាប់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣នាក់ ជនជាតិចិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចជិតភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
របាយការណ៍ដដែលបន្តថា ជនសង្ស័យរួមមាន៖ ១.ឈ្មោះ RAO XUE ZHONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ;២.ឈ្មោះ TANG HOU EN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ;និង៣.ឈ្មោះ JIA CHUN LI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។
ចំណែកវត្តតាងចាប់យករួមមាន៖ ១. ម្សៅម៉ត់ពណ៌ស សរុបរួមសារធាតុញៀន ទម្ងន់ ៤៨១,២៨ ក្រាម ;២. ល្បាយពណ៌ត្នោត សរុបរួមសារធាតុញៀន ទម្ងន់ ២៦,៣៥ ក្រាម ;និង៣. ល្បាយពណ៌ក្រហម សរុបរួមសារធាតុញៀនទម្ងន់ ១.១៦០,៧៧ ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធី៕
ដោយ៖ សហការី