ខេត្តកំពង់ស្ពឺ៖ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភាគឺមិនមែនជារឿងចៃដន្យនោះទេ នេះបើយោងតាមការលើកឡើងរបស់លោក ហ៊ុន ម៉ានី អនុប្រធានទី១នៃក្រុមការងារគណ បក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណជាមួយសមាជិក សមាជិកានិងក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាក្នុងឃុំជង្រុក ស្រុកគងពិសី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។
លោកហ៊ុន ម៉ានី បានលើកឡើងថាដោយការជឿទុកចិត្តនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យការបោះ ឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់អាណត្តិទី៧នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស ពិសេសសម្រាប់ឃុំជង្រុកទទួលបានជ័យជម្នះលេខ១ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ស្ថិតក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនៃជំនួបនោះដែរលោកហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជង្រុកនេះផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំជង្រុក ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹង ប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។
លោកមានប្រសាសន៍ថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតកន្លងមក ក្នុងនោះក្នុងឃុំជង្រុកផ្ទាល់បានទទួលសំឡេងគាំទ្រដល់ទៅ ៨៦, ៦២% បើធៀបទៅនឹងសន្លឹកឆ្នោតបានការ ដែលធ្វើឱ្យឃុំជង្រុកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងស្រុកគងពិសី។ ជាមួយគ្នានេះលោកបានគូសបញ្ជាក់ថា ការទទួលបានជ័យជម្នះនេះ មិនមែនជារឿងចៃដន្យនោះទេគឺសុទ្ធសឹង តែកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុម ការងារចលនាបោះឆ្នោតឃុំ សមាជិក សមាជិកា ក្នុង ស្មារតីស្រលាញ់គាំទ្រយ៉ាងស្ម័គ្រស្មោះចំពោះគណបក្ស ប្រជាជនកម្ពុជា។
ជាមួយនោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ បន្តការគាំទ្រនិងជឿជាក់មកលើគណបក្សប្រជា ជនកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការបំពេញ បេសកកម្មបម្រើជាតិ និងមាតុភូមិ៕
ដោយ៖ សូរិយា