ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត ខណៈលោក ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ បំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជា។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នៅក្នុងជំនួបការងារជាមួយ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង មកជាប្រទេសដែលមានសន្តិសុខស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមលោក ឆុង វ៉ាងគឺន ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។
នាឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។ ចំពោះកិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត លោក ឆុង វ៉ាងគឺន បានស្នើដល់ភាគីកូរ៉េជំរុញការបើកទីផ្សារផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសកូរ៉េ ដោយចំពោះផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់៕
ដោយ៖ សហការី