ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងថា ពាក់ព័ន្ធនឹងករណីក្រុមឧក្រឹដ្ឋជនរំដោះទណ្ឌិតនៅខេត្តសៀមរាប ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើជនសង្ស័យទាំងអស់ និងបានបញ្ជូនទៅចៅក្រមស៊ើបសួរដោយសម្រេចចោទប្រកាន់បទល្មើសធំៗជាច្រើន។
លោក ប្លង់ សុផល បានគូសបញ្ជាក់ថា បទល្មើសទាំងនោះមាន ១-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ២-សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់អាវុធ តាមបញ្ញត្តិមាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។ ៣-សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ៤-សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។ ៥-បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។ ៦-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ៤៨៥ និងមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ និងបទល្មើសទី៧-កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ទៅរំដោះអ្នកទោសគ្រឿងញៀនជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួនក្នុងរថយន្ត ក្រោយមកនគរបាលបានស្វែងរកចាប់ខ្លួនក្រុមនេះបានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញ។
ដោយឡែកសម្រាប់អ្នកទោសគ្រឿងញៀនជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជាមេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាបកាលពីឆ្នាំ២០០៩ បានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ៕
ដោយ៖ សហការី