ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល១៨ខែកន្លងមក

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា ការវាយប្រហារថ្មីដោយយន្តហោះគ្មានមនុស្សបើកគឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើប្រទេសរុស្ស៊ីក្នុងរយៈពេល១៨ខែកន្លងមក។
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៣០ខែសីហាបានឱ្យដឹងថា កម្លាំងទាហានរុស្ស៊ីបានទប់ស្កាត់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើននៅតំបន់ព្រំដែនជាប់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាស កម្លាំងទាហានការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលព្យាយាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។
សារព័ត៌មាន AFP បានផ្សាយថា អភិបាលតំបន់ម្នាក់នៅក្នុងប្រទេសរុស្ស៉ីបានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែសីហានេះថា អាកាសយានដា្ឋនមួយរបស់រុស្ស៉ីស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនីបានរងការវាយប្រហារដោយយន្ដហោះដ្រូន ខណៈមានសេចក្ដីរាយការណ៍ថា យន្ដហោះមួយចំនួនរងការខូចខាត។
អភិបាលតំបន់ លោក មីកាអែល វេដឺនីកូ (Mikhail Vederniko) ដែលបានអះអាងថារូបលោកផ្ទាល់បានស្ថិតនៅកន្លែងកើតហេតុ បានបង្ហោះវីដេអូមួយលើបណ្ដាញ Telegram ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ អមជាមួយសំឡេងផ្ទុះ និងស៊ីរ៉ែន។ លោកបន្ថែមទៀតថាយោធារុស្ស៉ីបានវាយទប់ទល់នឹងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយអាជ្ញាធរកំពុងវាយតម្លៃពីការខូចខាត តែមិនមានអ្នកស្លាប់ឬរងរបួសនោះទេ។
អាកាសយានដ្ឋានស្កូវ (Pskov) ស្ថិតនៅក្នុងទីក្រុង ស្កូវ (Pskov) មានចម្ងាយ៨០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងស្ថិតនៅក្បែរ ព្រំដែនជាមួយប្រទេសឡេតូនី និងអេស្ដូនី។ ភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីផ្នែកសេវាសង្រ្គោះបន្ទាន់ បានឱ្យដឹងថា យន្ដហោះដឹកជញ្ជូនធុនធ្ងន់៤គ្រឿងបានរងការខូចខាត៕ ដោយ៖ ធីរីណា

រូប​ថត​៖ telegram


ចែករំលែក៖