ប្រទេសហ្វីលីពីន៖ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៣ អង្គការUNODCបានរៀបចំសិក្ខាសាលាប្រចាំតំបន់អាស៊ីអគ្នេយ៍និងអាស៊ីខាងកើតនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនដែលសមាសភាពចូលរួមចំនួន៥៤នាក់មកពីបណ្តារដ្ឋអាស៊ានទាំង១០ និងទីម័រ ឥណ្ឌា+ បងក្លាដេស+ ចិន + កូរ៉េ+ ជប៉ុន+ អូស្រ្តាលី +និងសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨តរៀងមកសិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីជួបជុំគ្នារវាងមន្ត្រីជំនាញពីស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្លាស់ប្តូរព័ត៌មាន ទាំងនៅក្នុងកំរិតជាតិនិងតំបន់ ហើយគោលបំណងសំខាន់ៗ របស់អង្គសិក្ខាសាលាឆ្នាំ២០២៣នេះរួមមាន៖
១.ធ្វើបច្ចុប្បន្នភាពលើភាពជាដៃគូក្នុងការងារអនុវត្តកម្មវិធី Global SMART
២.ចែករំលែកព័ត៌មានថ្មីៗស្តីពីនិន្នាការការចរាចរនិងទីផ្សារគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ
៣. វិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល រដ្ឋាភិបាលលើបញ្ហាគ្រឿងញៀន
៤.ចែករំលែកព័ត៌មានស្តីពីសារធាតុគីមីផ្សំ(សារធាតុស្ថិតក្នុងបញ្ជីដែលត្រូវត្រួតពិនិត្យនិងមិនត្រួតពិនិត្យ) ដែលបានចាប់យកក្នុងកំរិតថ្នាក់តំបន់ និងវិធីសាស្ត្រសុវត្ថិភាពក្នុងការបំផ្លាញចោលនិងគ្រប់គ្រង
៥.ចែករំលែកព័ត៌មានស្ដីពីការងារកោសល្យវិច័យនិងការកំណត់អត្តសញ្ញាណគ្រឿងញៀនសំយោគនិង របកគំហើញនៃការផលិតគ្រឿងញៀនសំយោគក្នុងតំបន់
៦.ចែករំលែកព័ត៌មានស្តីពីសារធាតុញៀនថ្មីដែលមានឥទ្ធិពលលើប្រព័ន្ធប្រសាទ(NPS)ដែលកំពុងមាន និងប្រភេទNPSដែលទើបមានវត្តមានថ្មីៗ នៅក្នុងតំបន់
៧.ចែករំលែកព័ត៌មានស្តីពីការប្រើបំពានគ្រឿងញៀន ការកាត់បន្ថយតម្រូវការ ការព្យាបាល រួមទាំងទិន្នន័យព័ត៌មានស្តីពីការប្រើលើសកម្រឹតនិងការពុលគ្រឿងញៀន
៨.ការទទួលបានព័ត៌មានថ្មីៗតាមរយៈការពិភាក្សាដោយមន្ត្រីជំនាញនានាលើការងារអនុវត្តច្បាប់
៩.កោសល្យវិច័យនិងសុខភាពសាធារណៈ
១០.ស្វែងរកដំណោះស្រាយលើការងារគ្រប់គ្រងស្ថានភាពគ្រឿងញៀនរបស់ជាតិ។
លោកឧត្តមសេនីយ៍ យិន យឿត ក៏បានប្រាប់ពីសមាសភាពកម្ពុជាដែលទៅចូលរួមសិក្ខាសាលានោះមានលោកយុង មុនី អនុប្រធាននាយដ្ឋានអនុវត្តច្បាប់ និងលោកស្រី រិទ្ធី ចំរើន ប្រធានការិយាល័យនៃមន្ទីរពិសោធន៍គ្រឿងញៀន៕
ដោយ៖ សហការី