ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ ភ្នំពេញនឹងលើកគម្រោងស្នើទៅរាជរដ្ឋាភិបាលជាកញ្ចប់ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងឱ្យបានយូរអង្វែង

ចែករំលែក៖

ភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយស្នើទៅរាជរដ្ឋាភិបាលដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែង ។ 

  នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជា​ទីប្រឹក្សា​ផ្ទាល់​លោកកិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំពិភាក្សានៅពេលនេះគឺដើម្បី រៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងអោយបានយូរអង្វែង ។

លោក ឃួង ស្រេង បានជំរុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ទៅ២០ឆ្នាំ ។ ពាក់ព័ន្ធនឹងការងារនេះរាជរដ្ឋាភិបាលក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសណ្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាសនោះវានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទាមទារអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ ។ លោកបញ្ជាក់ថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយផ្ញើទៅរាជរដ្ឋាភិបាលដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះអោយបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី១៥ទៅ២០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះយើងបានដោះស្រាយបញ្ហាលិចលង់នេះបាន៣២កន្លែងរួចហើយ ហើយនៅពេលថ្មីៗនេះទៀត យើងដោះស្រាយបាន៧កន្លែងថ្មីទៀតផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖