ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បញ្ជូនក្មេងទំនើង៣នាក់ទៅសាលាដំបូងខេត្ត​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់ អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ទាំង៣នាក់​រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣១ ខែសីហា​​​​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​ ដោយមិនទុកឲ្យពួកគេបង្កព្យុះភ្លៀងតាមទំនើងចិត្តនោះឡើយ ។សមត្ថកិច្ចប្រាប់ថាៈទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត។

 លោក​ វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖យោងតាមពាក្យបណ្តឹងឈ្មោះ យាន ស៊ីណាត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៣​ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចមុខកាស៊ីណូផារ៉ាម៉ិក ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។​ 

លោក​ វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បានឱ្យដឹងទៀតថាជនសង្ស័យទាំង៣នាក់​ ១-ឈ្មោះ សាត ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត,​ ២,ឈ្មោះ ទូច ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,​ ៣,ឈ្មោះ វុធ សាវីន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

វត្ថុតាងចាប់យករួមមាន៖ ១.កាំបិតកែច្នៃប្រវែង ៦០សង់ទីម៉ែត្រ ចំនួន០១ដើម,​ ២.ម៉ូតូ២គ្រឿង។ 

លោក​ វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បញ្ជាក់ថា៖​ ជនរងគ្រោះមានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបឱ្យគេ នៅថ្ងៃកើតហេតុជនរងគ្រោះជាមួយនឹងមិត្តភក្ដិ២នាក់ទៀត​ ជាអ្នកដឹកជញ្ជូនម្ហូបដូចគ្នាដែរ បន្ទាប់ពីដឹកម្ហូបឱ្យគេនៅម្តុំផ្សារអគ្គរួច ពួកគេទាំងបីនាក់បានត្រឡប់មកវិញ ដល់មុខកាស៊ីណូផារ៉ាម៉ិក ស្រាប់តែក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល១២នាក់ បានជិះម៉ូតូទាញកាំបិត បម្រុងដេញកាប់ពួកខ្លួន ដោយមានការភ័យខ្លាចជនរងគ្រោះទាំង០៣នាក់ ក៏បាននាំគ្នាចតម៉ូតូទុកចោល ហើយនាំគ្នារត់គេចតែម្ដង។​ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថាក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ជនសង្ស័យ​បានសារ​ភាពថា​ ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់​ ជនរងគ្រោះពិតប្រាកដមែន​ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖