ព័ត៌មានទាន់ហេតុការណ៍៖

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ៖​ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស​ ១៨​ ២៨៩នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានដូចខាងក្រោម​៖

-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ ប្រកាសផ្ដល់គោលការដល់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បើសិនជាជាប់ភារកិច្ចការងារ គឺអាចស្នើគោលការណ៍ដោយមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួស។ ខណៈពេលនេះគឺជាពេលដែលមន្រ្ដីគ្រប់រូបកំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។

-លោកកិត្តិទេសាភិបាល ថ្លែង​ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។

-លោកកិត្តិទេសាភិបាល ថ្លែង​ថា រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេស។

-លោកកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត ណែនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

-លោកកិត្តិទេសាភិបាល ណែនាំទៅកាន់រដ្ឋមន្ត្រីរបស់លោកថា ប្រសិនជាពួកគេមានការងារសំខាន់រវល់ មិនចាំបាច់មកអមដំណើរលោកក្នុងពិធីសាធារណៈគ្រប់ពេលនោះទេ។លោកបញ្ជាក់ថា ប្រសិនជារដ្ឋមន្ត្រីណាមិនអាចចូលរួមកម្មវិធីសាធារណៈជាមួយលោកបាន សូមចាត់ឱ្យរដ្ឋលេខាធិការម្នាក់មកចូលរួមជំនួសគឺគ្រប់គ្រាន់ហើយ។

-លោកកិត្តិទេសាភិបាល បានថ្លែង​បន្តថា​ ការចូលរួមជាមួយលោកនៅក្នុងកម្មវិធីសាធារណៈ​ គឺបង្ហាញនូវសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំជាមួយនឹងប្រជាពលរដ្ឋ។

-លោកកិត្តិទេសាភិបាល ថ្លែង​ថា​ ពលរដ្ឋគ្រប់គ្នាអាចចូលរួមក្នុងសកម្មភាពស្នេហាជាតិបានទាំងអស់តាមរយៈការខិតខំប្រឹងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ។ លោកបណ្ឌិត​ បន្ថែម​ថា​ ការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

-លោកកិត្តិទេសាភិបាល​ គូសបញ្ជាក់ថា៖ «ស្នេហាជាតិគឺការខិតខំប្រឹងជួយខ្លួនឯង»។​ លោកបណ្ឌិត​ ថា​ រដ្ឋាភិបាលបច្ចុប្បន្នកំពុងផ្ដោតទៅលើគោលដៅក្នុងការរកការងារធ្វើឱ្យប្រជាពលរដ្ឋដើម្បីឱ្យពួកគេអាចកសាងនូវសេដ្ឋកិច្ចគ្រួសារបាន។ 

-កិត្តិទេសាភិបាល​ ថ្លែងថា គោនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរកការងារជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស។

-លោកបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល​ គឺធំបំផុត​យកប្រជាពលរដ្ឋ​ក្នុងការបម្រើ និងបន្តធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភ​ដល់ដៃប្រជាជន​ប្រកបដោយចីរភាព និងនិរន្តរភាព។

-លោកកិត្តិទេសាភិបាល​ សង្កត់​ធ្ងន់​ថា ដ៏រាបណារាជរដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ​គឺនៅក្បែរ, ការពារ, និងបម្រើដល់​បងប្អូនប្រជាពលរដ្ឋជានិច្ច​ ដូច្នេះសូមបងប្អូនកម្មករ-កម្មការិនីទាំងអស់​គប្បី​បន្តធ្វើការជឿជាក់មកលើរាជរដ្ឋាភិបាល ​ដែលដឹកនាំដោយណបក្សប្រជាជនកម្ពុជាបន្តទៀត។ 

-លោកកិត្តិទេសាភិបាល ថ្លែងថា វិស័យទេសរណ៍ គឺជាវិស័យអាទិភាពមួយសំខាន់ ដែលមានការប្រកួតប្រជែងធំណាស់ទាំងនៅក្នុងតំបន់ និងពិភពលោក ដូច្នេះត្រូវរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើយ៉ាងណាឱ្យមានកម្លាំងសរុបទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។

-លោកកិត្តិទេសាភិបាល ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូច្នេះនៅខែ វិច្ឆិកា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងធ្វើវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ដើម្បីជជែកគ្នា និងស្វែងរកចំណុចរួម ក្នុងការបង្កើតជាសហគមន៍រួមមួយរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

-លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។

-លោកកិត្តិទេសាភិបាល ថ្លែងរម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។

-លោកបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។

-លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា​ ការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាក្រសួងស្ថាប័ននៃរដ្ឋាភិបាលអាណត្តិទី៧ នេះគឺជាការចាំបាច់ និងជាគុណធម៌នៃការដឹកនាំ។

-លោក ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា​ ការបន្តតែងតាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារួមទាំងទីប្រឹក្សាផងនោះ គឺជាការតម្រូវនូវការចាំបាច់ដោយសារតែពួកគេមានគុណសម្បត្តិ និងមានជំនាញក្នុងការចូលរួមជួយទៅដល់ស្ថាប័ននីមួយៗនោះ។

-លោកកិត្តិទេសាភិបាល​ បានបន្ថែមថា៖ «បក្សប្រជាជនកម្ពុជាមិនមានទម្លាប់ឡើងលើទូកដុតស្ពានចោលនោះទេ»។​ លោកបានដាស់តឿនក្រើនរំលឹកដល់បណ្ដាលរដ្ឋមន្ត្រីតាមក្រសួងស្ថាប័នការរៀបចំមន្ត្រីថ្មីគឺត្រូវធ្វើដើម្បីពង្រឹងស្ថាប័នរួមជាមួយនឹងការរក្សាសាមគ្គីភាពផ្ទៃក្នុង។​ លោកបណ្ឌិត​ ថា​ ការតែងតាំងគឺត្រូវផ្ដោតលើ គុណសម្បត្តិ សមត្ថភាព និងអតីតភាពការងាររបស់មន្ត្រី៕

ដោយ៖ ស​ តារា


ចែករំលែក៖