ព័ត៌មានទាន់ហេតុការណ៍៖

PSG, Dortmund, AC Milan, Newcastle ស្ថិតក្នុងពូលដ៏ស្វិតស្វាញនៅChampions League រដូវកាលនេះ

ចែករំលែក៖

Paris St Germain នឹងចាប់ផ្តើមដំណើរស្វែងរកពានរង្វាន់ Champions League ដ៏អស្ចារ្យនៅក្នុងពូល F ដែលមានក្រុម Borussia Dortmund, AC Milan និង Newcastle United បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ សីហា។ PSG, AC Milan និង Dortmund បានឆ្លងកាត់ផ្លូវជាច្រើនដងក្នុងការប្រកួតប្រជែងដ៏មានឥទ្ធិពលស្ទើរគ្រប់រដូវកាលរបស់អឺរ៉ុប ប៉ុន្តែជាការស្វាគមន៍ដ៏ស្វិតស្វាញត្រឡប់ទៅ Champions League សម្រាប់ Newcastle ដែលនឹងត្រូវលេងក្នុងការប្រកួតនេះជាលើកដំបូងក្នុងរយៈពេល២០ ឆ្នាំ។

ម្ចាស់ជើងឯកចាស់ Manchester City នឹងប៉ះ RB Leipzig, Red Star Belgrade និង Young Boys ក្នុងពូល G។ Man City បានឈ្នះពានអឺរ៉ុបជាលើកដំបូងរបស់ពួកគេនៅឆ្នាំ២០២២-២០២៣ ហើយក្រុមរបស់លោក Pep Guardiola នៅតែមានសង្ឃឹមក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយធ្លាប់បានយកឈ្នះLeipzig ៧-០ ក្នុងការប្រកួតកាលពីឆ្នាំមុន។

កំណត់ត្រាឈ្នះ១៤ដង Real Madrid នឹងប៉ះក្រុមជើងឯក Serie A Napoli, Braga និង Union Berlin ក្នុងពូល C។ រីឯ Bayern Munich ប៉ះ Manchester United, FC Copenhagen និង Galatasaray ក្នុងពូល Aខណៈដែល Manchester United និង Bayern បានជួបគ្នា១១​​ដងក្នុងក្របខ័ណ្ឌ Champions League ដោយប្រហែលជាការប៉ះគ្នាដ៏គួរឱ្យចងចាំបំផុតរបស់ពួកគេនឹងមកដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៩៩នៅពេលដែលក្រុមអង់គ្លេសទទួលបានជ័យជម្នះ។

ក្រុមជើងឯករងរដូវកាលមុន Inter Milan ជួប Benfica, RB Salzburg និង Real Sociedad ក្នុងពូល D ខណៈក្រុមជើងឯក Europa League Sevilla និង Arsenal ត្រូវបានចាប់ឆ្នោតរួមគ្នាក្នុងពូល B រួមជាមួយ PSV Eindhoven និង RC Lens។ ម្ចាស់ជើងឯក La Liga គឺ Barcelona ស្ថិតក្នុងពូលជាមួយ Porto, Shakhtar Donetsk និង Royal Antwerp ក្នុងពូល H។ ចំណែកពូល E មាន Feyenoord, Atletico Madrid, Lazio និង Celtic។ Feyenoord និង Celtic ធ្លាប់បានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៧០ ដែលក្រុមហូឡង់ឈ្នះ ២-១ បន្ទាប់ពីម៉ោងបន្ថែម។

ការប្រកួតវគ្គជម្រុះតាមពូល Champions League នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញា ហើយបញ្ចប់នៅថ្ងៃទី១៣ ខែធ្នូ។ វគ្គជម្រុះ១៦ក្រុមជើងទី១ ធ្វើឡើងនៅថ្ងៃទី១៣, ទី១៤, ទី២០, ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងជើងទី២ធ្វើឡើងនៅថ្ងៃទី៥, ទី៦, ទី១២ និងទី១៣ ខែមីនា ឆ្នាំ២០២៤។

វគ្គ៨ក្រុមចុងក្រោយ ជើងទី១ប្រកួតថ្ងៃទី៩ និងទី១០ ខែមេសា ខណៈជើងទី២ប្រកួតនៅថ្ងៃទី១៦ និងទី១៧ ខែមេសា ឆ្នាំ២០២៤។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុមចុងក្រោយ) ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ឧសភា សម្រាប់ជើងទី១ និងថ្ងៃទី៧ ទី៨ ខែឧសភា ឆ្នាំ២០២៤សម្រាប់ជើងទី២។

សម្រាប់វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែលគ្រោងប្រកួតនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ៕ ដោយ៖ ភារៈ

(រូបភាព ៖ Reuters/uefa.com)

 


ចែករំលែក៖