ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសន្តិសុខ ប្រាក់ខែតិចពេក នាំបក្ខពួក បម្រុងចេញ កាច់ ក ម៉ូតូ តែត្រូវសមត្ថកិច្ច ឃាត់បានមុន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច ខណ្ឌឫស្សីកែវ បានប្រដេញ តាមចាប់ជនសង្ស័យកាច់ ក ម៉ូតូ ចំនួន ២នាក់ ពីចំណុចរង្វង់មូលកាំកូ ផ្លូវ៥៩៨ ក្រុមទី១១ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ​ និងឃាត់ខ្លួនបាន នៅសង្កាត់បឹងកក់២ កាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២៣។ 

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យ ទាំង០២នាក់ មាន​ឈ្មោះ​ ចាន់ ពិសិទ្ធិ អាយុ២២ឆ្នាំ ​មុខរបរ​ សន្តិសុខ មានទីលំនៅផ្ទះលេខ០៣៥ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន) និងឈ្មោះ រិទ្ធ ហេង អាយុ២៥ឆាំ្ន មុខរបរមិនប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សំភារៈដែលសមត្ថកិច្ច ​ដកហូតបានរួមមាន៖ សោរខ្សៀលេខ៨ចំនួន​០១។ ដែកសំប៉ែតចុងស្រួច ចំនួន​០១។ ម៉ូតូ០១គ្រឿង និង ទូរស័ព្ទដៃ១គឿង។

លោក ហ៊ាង ថារ៉េត បន្តថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើជិះម៉ូតូ០១ម៉ាកនិច ពណ៌ស គោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យជិះមកដល់ចំណុចខាងលើក៏ជួបកំលាំងសមត្ថកិច្ចល្បាតសង្ស័យត្រួតពិនិត្យឆែកឆេររកឃើញដែកសំប៉ែតចុងស្រួច (សោអក្សរT) ឧបករណ៍សម្រាប់ឆ្កឹះសោរម៉ូតូ នៅក្នុងហោប៉ៅខោជនសង្ស័យឈ្មោះ ចាន់ ពិសិដ្ឋ ដែលលាក់នៅហោប៉ៅខោផ្នែកខាងឆ្វេង នៅពេលឃាត់ខ្លួនបាន ជនសង្ស័យ បានយកសោរ គប់ មកលើសមត្ថកិច្ចទៀតផង។ បន្ទាប់មកកំលាំងជំនាញខណ្ឌ បាននាំជនសង្ស័យខាងលើ រួមនឹងវត្ថុតាង មកអធិការដ្ឋានខណ្ឌឫស្សីកែវដើម្បីសាកសួរ៕

ដោយ៖ ជីណា


ចែករំលែក៖