ខេត្តប៉ៃលិន៖ សមត្ថកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា÷ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍តាមទូរស័ព្ទរបស់ឈ្មោះ ឆយ ប៊ុនធឿន ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ ដែលបានរាយការណ៍មកថា នៅចំណុចវាលស្រែក្រោយបន្ទាយទាហានស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមប្រភពពីបុរសម្នាក់ដែលជាបងថ្លៃជនរងគ្រោះបានឱ្យដឹងថា÷ ករណីបុរសជាប្អូនថ្លៃម្នាក់ដេកស្លាប់នៅលើអង្រឹង(រូបគាត់ដេកចាំបញ្ចូលទឹកក្នុងស្រែ)ក្រោយពីលើកជនរងគ្រោះមកក្រោមឃើញថា សាច់គាត់នៅក្តៅក៏បានលើកដាក់លើឡានដឹកទៅមណ្ឌលសុខភាពភ្នំស្ពង់។ លុះពេលទៅដល់មណ្ឌលសុខភាពភ្នំស្ពង់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
សពមានឈ្មោះ ឌួក សៅរ៍ធា ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យខេត្តនិងគ្រូពេទ្យបានបញ្ជាក់ថា សពខាងលើគឺស្លាប់ដោយសារគាំងបេះដូង៕
ដោយ៖ ស សារ៉េត