ភ្នំពេញ ៖ ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។ នេះជាការលើកឡើង របស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។
លោកថា ៖ ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបីក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថតក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ឬជាភាសាអង់គ្លេស “Promote the beauty of our community” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។
តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនមានការកែច្នៃ ឬការរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត តំបន់ជីវចម្រុះ រួមទាំងតំបន់អភិវឌ្ឍជាដើម។
ទន្ទឹមនឹងនេះ ដោយសារបច្ចេកវិទ្យាបច្ចុប្បន្នកាន់តែទំនើប ដូចនេះការប្រើប្រាស់ដ្រូនដើម្បីថតយករូបភាពពេញស្អាត ត្រូវបានអនុញ្ញាត ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងចូលរួមក្នុងការវាយតម្លៃលើបច្ចេកវិទ្យានេះដើម្បីចៀសវាងការកែច្នៃពីរូបភាពដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនដល់ជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផងនៅពាក់កណ្តាលខែតុលាខាងមុខនេះ។ រូបថតរាប់រយសន្លឹកនឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស។
ដើម្បីជំរុញដល់ការបង្ហាញរូបភាពដ៏អស្ចារ្យនិងល្អៗពីប្រទេសកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទនិងតេទ្បេក្រាមលេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕
ដោយ ៖ សហការី