ភ្នំពេញ៖ យុវជនពីរក្រុមបង្កការភ្ញាក់ផ្អើលផាប់កម្សាន្តនាពេលរាត្រីមួយកន្លែងយីហោ «ចាំ Crush» ខណៈនារីរងគ្រោះម្នាក់ដែលភាគីម្ខាងចោទប្រកាន់ថា៖ «បានយកដៃបន្លំប៉ះលើរាងកាយរបស់នាង» រហូតដឹងដល់សង្សាររបស់នាង ក៏បង្កឱ្យក្លាយជាហិង្សាវាយគ្នាផ្អើលពេញផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗតែម្ដង។ ករណីហិង្សាខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវលេខ៥១ នៅចំណុចផាប់មួយកន្លែងយីហោ «ចាំក្រាស់ (ចាំ Crush)» ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានយុវជនមួយក្រុមនាំគ្នាទៅលេងកម្សាន្តនៅក្នុងផាប់មួយកន្លែងយីហោ «ចាំក្រាស់ (ចាំ Crush)»ខណៈនោះយុវជនម្នាក់ បានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែជំពប់ជើងដួលបណ្តាលឱ្យដៃរបស់យុវជនរូបនោះជ្រុលទៅប៉ះលើរាងកាយរបស់នារីរងគ្រោះម្នាក់ ទេីបបង្កឱ្យក្លាយទៅជាបញ្ហាតែម្ដង។
ភ្លាមនោះនារីរូបនេះបានខឹងសម្បាយ៉ាងខ្លាំង រហូតក្លាយទៅជាជម្លោះផ្អើលពេញទីតាំងខាងលើ ខណៈក្រុមយុវជនដែលត្រូវជាសង្សាររបស់នារីរងគ្រោះបានហៅយុវជនដែលរងការចោទថា បន្លំប៉ះលើរាងកាយនាង ចេញទៅខាងក្រៅទីតាំងផាប់ ដើម្បីវាយគ្នា។ ហើយពេលចេញដល់ខាងក្រៅភ្លាម ក្រុមយុវជនដែលជាសង្សាររបស់នារីរងគ្រោះ បាននាំគ្នាព្រួតវាយទៅលើយុវជនដែលរងការចោទប្រកាន់ថា «បានបន្លំមកលើរូបនាង» ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញផាប់ទាំងយប់តែម្ដង។
នារីរងគ្រោះ ក៏បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនខាងលើ មិនបានដើរទៅបន្ទប់ទឹកនោះទេ គឺពួកគេអង្គុយនៅសាឡុងក្បែរបន្ទប់ទឹក ខណៈនាងដើរទៅបន្ទប់ទឹក ពួកគេបានបន្លំធ្វើជាដួលដើម្បីប៉ះរាងកាយរបស់នាង។ បន្ទាប់មកទៀត ពេលនាងមកពីបន្ទប់ទឹកវិញ យុវជនដដែលនោះក៏បានទាក់ជើងនាង (នារីរងគ្រោះ) ឱ្យដួលក្នុងចេតនាបង្កបញ្ហា ទើបនាងប្រកាន់ ហើយទៅប្រាប់យុវជនជាសង្សាររបស់នាងឱ្យជួយតែម្ដង។
នារីរងគ្រោះបន្តថា នៅពេលប៉ះទៅលើរូបរាងកាយរបស់នាងរួច យុវជនរូបនោះ មិនបានសុំទោសនាងនោះទេ ផ្ទុយទៅវិញ យុវជនរូបនោះបានឌឺដង និងបម្រុងចង់ប្រើហិ.ង្សា ដោយកាន់ដបស្រាថែមទៀតផង។
ក្រោយពេលកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ និងនាំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ហិ.ង្សាទាំងនោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
ដោយ៖ សហការី