ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យចំណុះអង្គភាព មន្ទីរជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលកន្លងទៅ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបម្រើជាតិ មាតុភូមិ ជាពិសេសចូលរួមផ្ដល់ភាពសុខសាន្ដ និងសេចក្ដីថ្លៃថ្នូរដល់ប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ បន្ដថា ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ គឺតម្រូវឱ្យមានការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីធ្វើឱ្យសភាពការណ៍មានភាពល្អប្រសើរ ក្នុងគោលបំណងធ្វើឱ្យស្ថានភាព និងស្ថិរភាពនយោបាយ នៅប្រទេសកម្ពុជា មានភាពសុខដុមរមនា ដូចពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិទាំងអស់ ត្រូវបន្ដប្ដេជ្ញាចិត្តបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ លោកក៏បានគូសបញ្ជាក់ថា ដើម្បីឱ្យការបំពេញភារកិច្ចការងារមានភាពល្អប្រសើរជាងនេះបន្ដទៀត គឺទាមទារឱ្យមានការចូលរួមពីមន្ដ្រីនគរបាលជាតិទាំងអស់ រួមសហការជាមួយអង្គភាពពាក់ព័ន្ធ ឬអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ទើបសម្រេចបានលទ្ធផលល្អតាមការគ្រោងទុក។
ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំគ្រប់អង្គភាពជំនាញត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងមុខសញ្ញាជនសង្ស័យរាល់បទល្មើសនានា និងបានផ្ដាំផ្ញើមន្ដ្រីនគរបាលជាតិត្រូវការពារ និងថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ នៅប្រទេសកម្ពុជាឱ្យបាន ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាបន្ថែមទៀត៕
ដោយ៖ សហការី