ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ដែលបានយកដបស្រាវាយប៉ុនប៉ងសម្លាប់ ទៅលើយុវជនម្នាក់ដែលដើរទៅឃាត់ស្រីៗវាយគ្នានោះ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់ ហើយកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញត្រៀមបញ្ជូនទៅកាន់តុលាការ។
ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ម៉េងហុង អាយុ១៩ឆ្នាំ ភេទប្រុស មិនបញ្ជាក់ទីលំនៅ មុខរបរធ្វើការរោងការ ។ ចំណែកក្រុមជនសង្ស័យវិញ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។
សូមរំលឹកថា កាលពីវេលាម៉ោង៨:២០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យបានព្រួតគ្នាវាយសម្លាប់បុរសម្នាក់នៅមុខក្លិបកម្សាន្ត នឹក EX ក្នុងសង្កាត់ចតុមុខ មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារតែចាក់ចម្រៀងឌឺដងគ្នា ហើយក្រុមជនសង្ស័យក៏ធ្វើសកម្មភាពយកដបស្រាវាយប្រហារទៅលើជនរងគ្រោះតែម្តង។
តាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុ នៅមុខហាងនឹកEX រូបគាត់ជាជនរងគ្រោះបានស្គាល់គ្នាជាមួយក្រុមជនសង្ស័យ ទាំងនោះ តែមិនបានស្និទស្នាលគ្នានោះទេ ពេលនោះមានស្រីៗមួយក្រុមបានប្រើហិង្សាទៅលើនារីម្នាក់ រូបគាត់ជាជនរងគ្រោះក៏បានដើរទៅក្នុងគោលបំណងទៅឃាត់ស្រីៗទាំងនោះឱ្យឈប់វាយគ្នា ខណៈដើរទៅដល់មុខក្រុមជនឃាតក ពួកគេក៏បានយកដបស្រាមកវាយចំក្បាលគាត់បណ្តាលឱ្យសន្លប់បាត់ស្មារតី ហើយក្រុមជនសង្ស័យទាំងនោះបានបន្តវាយរូបគាត់ស្ទើរស្លាប់ស្ទើររស់ រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ តែបច្ចុប្បន្ននេះរូបគាត់ជាជនរងគ្រោះបានចេញពីមន្ទីរពេទ្យដើម្បីមកព្យាបាលរបួសនៅផ្ទះហើយ។
ចំណែកជនសង្ស័យទាំង៤នាក់នោះ ដែលប៉ុនប៉ងសម្លាប់ផ្ដាច់ជីវិតជនរងគ្រោះនោះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ។ បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿងបញ្ជូនក្រុមជនដៃដល់ទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។ “កុំខ្លាំងអានួន ដេកគុកអានាង “… មិនខំរៀនសូត្រ ក្លាយជាកូនល្អ ពលរដ្ឋល្អទេ បែរជាមកនាំគ្នាពពាក់ពពូនធ្វើជាបងតូច បងធំ ក្រុមក្មេងទំនើង ជនពាល ខូចអនាគតអស់ ៕
ដោយ ៖ រ៉ារ៉ា