ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ រាល់សមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស អាចទៅប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលជាដៃគូរបស់ ប.ស.ស បាន ដោយមិនមានការបង់ប្រាក់។ ប៉ុន្តែទន្ទឹមនឹងនេះ ការប្រើប្រាស់ប័ណ្ណ ប.ស.ស ត្រូវបានលើកលែង និងមិនរាប់បញ្ចូលនូវសេវាមួយចំនួនក្នុងផ្នែកថែទាំសុខភាពផងដែរ។
បេីតាមមន្ត្រី ប.ស.ស បានបញ្ជាក់ការប្រើប្រាស់ប័ណ្ណ ប.ស.ស លើកលែងនូវសេវាមិនរាប់បញ្ចូលក្នុងផ្នែកថែទាំសុខភាពមួយចំនួនមានដូចជា ៖
១.ការព្យាបាលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ។
២.ការថែទាំធ្មេញ (ការសំអាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ) ។
៣.ការព្យាបាល និងការវះកាត់ប្ដូរភេទ។
៤.ការផ្សំ ឬ ប្ដូរសរីរាង្គផ្សេងៗ។
៥.សេវាបង្កកំណើតដោយសិប្បនិម្មិត។
៦.ការព្យាបាលដោយខ្លួនឯង។
៧.ការព្យាបាល ឬ វះកាត់ ដើម្បីជាប្រយោជន៍ នៃការកែលម្អផ្នែកណាមួយ នៃរាងកាយ។
៨.ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ។
៩.ការព្យាបាលញៀនសុរា និងការផ្ដាច់គ្រឿងញៀន។
១០.ការព្យាបាលអសមត្ថភាពផ្ដល់កំណើត។
១១.ការវះកាត់ដាក់គ្រាប់ភ្នែកសិប្បនិម្មិត។
១២.ការវះកាត់បេះដូង និងសរសៃឈាមបេះដូង។
១៣.ការលាងឈាម។
១៤.ការពិនិត្យសុខភាពទូទៅ។
សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានភារកិច្ចគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម អនុលោមតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕
ដោយ ៖ ភារ៉ា ដង្កោ