ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំអឺរ៉ុបទទួលស្គាល់កិច្ចការដែលមិនអាចទៅរួច គឺជំនួសថាមពលហ្គាសរបស់រុស្ស៊ី

ចែករំលែក៖

អនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefcovic ជឿជាក់ថា ការបញ្ចប់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីទាំងអស់ទៅកាន់អឺរ៉ុបនឹងក្លាយជា “បេសកកម្មមិនអាចទៅរួច”។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបានកត់សម្គាល់ថា ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងការបង្កើតភាពជាដៃគូថ្មីអាចកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីបន្ថែមទៀតនៅក្នុងឆ្នាំខាងមុខ។
លោក Sefcovic បានបញ្ជាក់ថា “កាលពីឆ្នាំមុន យើងបានកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីពី 150 ពាន់លានម៉ែត្រគូបមកតិចជាង 80 ពាន់លានម៉ែត្រគូប។ នៅឆ្នាំនេះ វាត្រូវបានគេរំពឹងថានឹងមានប្រហែល 40 ពាន់លានម៉ែត្រគូប រួមទាំងឧស្ម័នធម្មជាតិរាវ” ។
ជាមួយគ្នានេះ មន្ត្រីរូបនេះបានបន្ថែមថា ប្រសិនបើសហភាពអឺរ៉ុបបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតភាពជាដៃគូថ្មី ប្លុកនឹងអាចកាត់បន្ថយបរិមាណនៃការនាំចូល LNG ពីប្រទេសរុស្ស៊ីបន្ថែមទៀត។
កាលពីថ្ងៃទី 30 ខែសីហា កាសែត Financial Times បានផ្សាយថា បណ្តាប្រទេសសហភាពអឺរ៉ុបគ្រោងនឹងនាំចូលបរិមាណឧស្ម័ន LNG ពីរុស្ស៊ី បើទោះបីជាទីក្រុងប្រ៊ុចសែលមានបំណងបោះបង់ចោលឥន្ធនៈរបស់រុស្ស៊ីនៅឆ្នាំ 2027 ក៏ដោយ។
យោងតាមទិន្នន័យរបស់ Global Witness បែលហ្ស៊ិកនិងអេស្បា៉ញជាប់ចំណាត់ថ្នាក់ទីពីរ និងទីបីរៀង ជាអ្នកទិញ LNG របស់រុស្ស៊ី បន្ទាប់ពីប្រទេសចិនក្នុងរយៈពេល 7 ខែដំបូងនៃឆ្នាំនេះ។
ការផ្គត់ផ្គង់ LNG ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើង 62.7% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងខែមករាដល់ខែកក្កដា គឺកើនឡើងដល់ដល់ 4.46 លានតោន៕

ដោយ៖ ធីរីណា(រូប​ថត​៖ GD&TD)


ចែករំលែក៖