ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង២ក្រុម​បើកឆាកប្រយុទ្ធគ្នាផ្អេីលពេញបឹងកក់​ ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបានជិត១០នាក់

ចែករំលែក៖

   ភ្នំពេញ​ ៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង​ ។  ជាក់ស្ដែង​នាវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០២៣​នេះ​ មានក្មេងទំនើង២ក្រុមដេញវាយគ្នាផ្អើលពេញក្នុងបរិវេណបឹងកក់​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ហើយភ្លាមៗនោះកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ក៏ធ្វេីការឃាត់ខ្លួនបានប្រមាណជិត១០នាក់​។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូងមានយុវជនមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃឆ្ពោះទៅអង់តែនទួលគោក​ ខណៈពេលជិះទៅដល់ស្រាប់តែមានយុវជនមួយក្រុមទៀតមានគ្នា៧ទៅ៨នាក់ជិះម៉ូតូជាច្រើនគ្រឿងបានជិះមកក្បែរ រួចក៏យកជើងធាក់ទៅលេីម៉ូតូក្រុមយុវជនមានគ្នា៤នាក់​ខាងលេី (ដោយមិនដឹងថា​ យុវជនពីរក្រុមនេះមានជម្លោះអ្វីនឹងគ្នានោះទេ​) ភ្លាមៗនោះដែរក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតទៅដល់ក្នុងបរិវេណបឹងកក់ក្បែរផ្លូវរថភ្លើងដោយភាគីទាំងសងខាងខ្លះមានដុំថ្ម​ ខ្លះទៀតមានទាំងខ្សែក្រវាត់បានវាយប្រតាយប្រតប់និងគប់គ្នាផ្អើលពេញក្នុងបរិវេណបឹងកក់​ ។ ស្របពេលនោះក៏មានកម្លាំងល្បាតរបស់សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ​មកដល់ ហើយបានធ្វេីការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមទាំងវត្ថុតាងផងដែរ​ ។ 

​    បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុមនោះរួមនឹងវត្ថុតាង​ ព្រមទាំងម៉ូតូជាច្រើនគ្រឿងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖