ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ​ជួបពិភាក្សា​ការ​ងារជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសវនាការ ជាមួយ លោក គឹម ជីនព្យូ (Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ដើម្បីសម្តែងការគួរសម និងសំណេះសំណាលអំពីកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដែលប្រទេសទាំងពីរបានកសាងកន្លងមក។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក គីម ជីន ព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភានៃ សាធារណរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេស លោក គឹម ជីនព្យូដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ ការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះ ភាគី ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយ សង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា កូរ៉េដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យ។

លោក គឹម ជីនព្យូ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា ដែលតែងតែគាំទ្រភាគីកូរ៉េ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិព័ណពាណិជ្ជកម្មពិភពលោកនៅទីក្រុងបូព៌ាន ឆ្នាំ២០៣០ ក៏ដូចជាការគាំទ្រការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក(FIFA World Cup) ឆ្នាំ២០០២ ផងដែរ។ លោកប្រធានរដ្ឋសភាបានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យ សម្ដេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋសភាក៏បានបញ្ជាក់ថា ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជា ដើម្បីសម្រេចនូវ គោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០។

ភាគីទាំងពីរបានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហ ប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ ភាគីទាំងពីរអបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

ភាគីទាំងពីរនឹងជម្រុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និង បង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖