ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងថារុស្ស៊ីពិតជាស្ថិតនៅឯកោក្នុងសហគមន៍អន្តរជាតិ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា គឺលោកបានបញ្ជាក់ពីភាពឯកោរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅលើឆាកអន្តរជាតិ ខណៈដែលកិច្ចប្រជុំកំពូលនេះបានបិទបញ្ចប់ទៅដោយមិនមានឡើយការថ្កោលទោសទីក្រុងមូស្គូសម្រាប់សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។
បើតាមលោកម៉ាក្រុង ទោះបីជា G20 ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសេដ្ឋកិច្ចសកលក៏ពិតមែន តែមិនមែនមានន័យថា គេមិនអាចរំពឹង លើភាពរីកចម្រើនការទូតចំពោះសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោកម៉ាក្រុង បានគូសបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយដូច្នេះថា «កិច្ចប្រជុំកំពូល G20 នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតពីភាពឯកោរបស់រុស្ស៉ី។ នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) សមាជិកភាពច្រើនលើសលប់របស់ G20 បានថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់បង្កឡើងដោយសង្រ្គាមមួយនេះ»។ ប្រធានាធិបតីបារាំងរូបនេះបន្តថាសេចក្ដីថ្លែងការណ៍ G20 មិនមែនជាជោគជ័យការទូតមួយសម្រាប់រុស្ស៉ីនោះទេ បើទោះជាមិនមានសេចក្ដីថ្លែងការណ៍រួមថ្កោលទៅរុស្ស៉ីក៏ដោយ។
កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយមិនមានវត្តមានចូលរួមពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន នោះទេ ហើយមេដឹកនាំទាំង២បានបញ្ជូនតំណាងឱ្យចូលរួមជំនួសរៀងៗខ្លួន។ ឥណ្ឌាបានប្រគល់ញញួរឱ្យប្រេស៊ីល ដែលនឹងត្រូវធ្វើជាប្រធានប្ដូរវេន G20 នៅឆ្នាំក្រោយនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ VOV.VN


ចែករំលែក៖