ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នគរបាលឃាត់ជនសង្ស័យម្នាក់ជនជាតិអុីរ៉ង់ ធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិ នៅផ្ទះវីងវេរលុយ ក្នុងសង្កាត់បឹងកក់ទី២

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២និង២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(ចូលប្ដូរប្រាក់បន្លំលួចលុយជនរងគ្រោះនៅផ្ទះវីងវេរលុយអស់ទឹកប្រាក់ចំនួន៥០០$ (ប្រាំរយដុល្លារអាមេរិក)នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវីងវេរលុយ ស្ថិតនៅលេខ៣BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ជនសង្ស័យ​ ឈ្មោះ PAHANGEH MORTEZA ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិអុីរ៉ង់ មានលិខិតឆ្លងដែន (ថតចម្លង) លេខN97160321 ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះ អាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

 ជនរងគ្រោះ​ ឈ្មោះ ​សិត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្ទះWing វេរលុយ ស្នាក់នៅផ្ទះ៣៤E1 ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 វត្ថុតាងចាប់យកមាន៖

-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ក្នុងកាបូបមាន: ប័ណ្ណបើកបររថយន្តរបស់ឈ្មោះ PAHANGEH MORTEZA មួយច្បាប់ , ទូរស័ព្ទដៃ០១គ្រឿងម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរចំនួន១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារចំនួន៣.៥៤០$ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិក),លុយឥណ្ឌូនេស៊ីចំនួន៣៥៥និងលុយសាំងហ្គាពួរ ២ដុល្លារ (ចាប់យកពីជនសង្ស័យរូបនេះ) ក្នុងនោះសមត្ថកិច្ចបានធ្វើការប្រគល់លុយចំនួន៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិក) ដែលចាប់យកពីជនសង្ស័យរូបនេះជូនទៅឲ្យជនរងគ្រោះឈ្មោះ សិត្យា ដែលត្រូវបានជនសង្ស័យឈ្មោះ PAHANGEH MORTEZA លួចយកនៅថ្ងៃកើតហេតុ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖