ខ្សែបម្រើ Paul Pogba របស់ក្លិបសេះបង្កង់ Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្នដោយសារតែមានបទល្មើសពីការប្រើប្រាស់សារធាតុញៀន។ តុលាការជាតិប្រឆាំងគ្រឿងញៀន (Nado) របស់ប្រទេសអ៊ីតាលីបាននិយាយថា Pogba បានត្រលប់មកវិញនូវការធ្វើតេស្តជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ ៣-០ លើក្រុម Udinese កាលពីថ្ងៃទី២០ ខែសីហា។
កីឡាករអន្តរជាតិបារាំង Pogba វ័យ៣០ឆ្នាំ គឺជាកីឡាករជំនួសដែលមិនបានប្រើ ប៉ុន្តែត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តគ្រឿងញៀនក្រោយការប្រកួត។ ប្រសិនបើរកឃើញថា មានពិរុទ្ធពីបទប្រើប្រាស់សារធាតុញៀន គាត់អាចប្រឈមមុខនឹងការហាមឃាត់ពី២ឆ្នាំទៅ៤ឆ្នាំមិនឲ្យលេងបាល់ទាត់។
ក្លិប Juventus បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបបាល់ទាត់ Juventus សូមប្រកាសថា ថ្ងៃនេះ១១ ខែកញ្ញា ឆ្នាំ២០២៣ កីឡាករបាល់ទាត់ Paul Labile Pogba បានទទួលដីកាព្យួរទុកជាបណ្តោះអាសន្នពីតុលាការជាតិប្រឆាំងគ្រឿងញៀន បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ខណៈក្លិបរក្សាសិទ្ធិក្នុងការពិចារណាលើជំហាននីតិវិធីបន្ទាប់។
តុលាការជាតិប្រឆាំងគ្រឿងញៀន (Nado) បានបន្ថែមថា Pogba បានបំពានច្បាប់ប្រឆាំងនឹងសារធាតុ doping នៅពេលដែលពួកគេបានរកឃើញសារធាតុហាមឃាត់សារធាតុរំលាយអាហារ Testosterone ដែលមិនមានលក្ខណៈ endogenous ហើយលទ្ធផលគឺ ស្របជាមួយនឹងប្រភពដើមសារធាតុ exogenous នៃសមាសធាតុគោលដៅដែលប្រើមានសារធាតុញៀន ខណៈដែលអ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនការស៊ូទ្រាំរបស់អត្តពលិក។ Pogba មានពេល៣ថ្ងៃដើម្បីបង្កើតការវិភាគប្រឆាំងនឹងលទ្ធផលទៅ Nado។
ក្លិប Juventus បានចុះហត្ថលេខាជាថ្មីលើ Pogba ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំក្នុងខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីកីឡាកររូបនេះបានចុះកិច្ចសន្យារបស់គាត់នៅ Manchester United ហើយបានចាកចេញក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់របស់ Pogba ទៅកាន់ទីក្រុង Turin ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហារបួសជាញឹកញាប់ដែលធ្វើឱ្យគាត់ខកខានការប្រកួត World Cup កាលពីឆ្នាំមុននៅប្រទេសកាតា។
Pogba បានលេងសរុបចំនួន៥១នាទីក្នុងនាមជាកីឡាករបម្រុងនៅរដូវកាលនេះក្នុងការប្រកួតជាមួយ Bologna និង Empoli។ កាលពីរដូវកាលមុនគាត់លេងបាន១០៨នាទីលើការប្រកួតចំនួន៦នៅ Serie A ការបង្ហាញខ្លួនខ្លីៗចំនួន៣ដង និង Assist មួយនៅ Europa League និង១១នាទីនៅ Coppa Italia សរុប១៦២នាទីនិងដោយគ្មានគ្រាប់បាល់។
បញ្ហារបួសរបស់ Pogba បានកើតមានឡើងវិញនាពេលថ្មីៗនេះ ដោយគ្រូបង្វឹកក្រុម Juventus លោក Massimo Allegri បាននិយាយថា កីឡាកររូបនេះមានបញ្ហាខ្នងតិចតួចបន្ទាប់ពីការបង្ហាញខ្លួនរបស់គាត់ជាមួយនឹងក្រុម Empoli ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)