ភំ្នពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជាបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀនកូកាអុីនពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ីចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអុីនទម្ងន់៤.៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីកនិងសាច់កំណាត់)។ ក្នុងប្រតិបត្តិការនោះអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៤៥នាទី មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចាត់កម្លាំងជំនាញការិយាល័យ(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ, លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ, លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ដែលដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យវ៉ាលិសរបស់ជនសង្ស័យដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងឌូបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី។
ជនសង្ស័យឈ្មោះ KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧។
វត្ថុតាងចាប់យក ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយគ្រឿងញៀនប្រភេទកូកាអុីន (Cocaine) ចំនួន២១បន្ទះធំនិង២២បន្ទះតូច (សរុប៤៣បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤.៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីកនិងសាច់កំណាត់)។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញចាត់ការតាមនីតិវិធី៕
ដោយ៖សហការី