ទីក្រុងប៉េកាំង ៖ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ។
ដំណើរនៃការអញ្ជើញដល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅបំផុត ដោយ លោក ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ដដែលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីទី១កម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន នៅមហាទីលានធានអានមិន (Tiananmen Square)រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕
ដោយ ៖ សិលា