ព័ត៌មានទាន់ហេតុការណ៍៖

លោកហេង រតនា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកប់ក្នុងបាតទន្លេ អាចមានជាង២ពាន់តោន ឯការរុករកកំពុងជួបផលលំបាក

ចែករំលែក៖

ភ្នំពេញ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងកប់នៅក្រោម​បាតទន្លេ អាចមានប្រមាណជាង២ពាន់តោន ​ខណៈដែលការរុករកកំពុងជួបផលលំបាក ដោយសារគ្រាប់ទាំងនោះនៅកប់ជ្រៅពេក

នេះបើតាមការលើកឡើងរបស់លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ​ហៅកាត់ថា (CMAC) 

 លោកហេង រតនា អគ្គនាយក CMAC បានឱ្យដឹងថា បច្ចុប្បន្ននេះ ​ការរុករកបោសសម្អាតគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបាតទន្លេ ​ក្នុងភូមិសាស្ត្រឃុំកោះចេក ស្រុកពាមជរ ​ខេត្តព្រៃវែង កំពុង ត្រូវបានធ្វើឡើង ហើយកងកម្លាំងរបស់អង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់ជាច្រើនប្រភេទ មានដូចជា គ្រាប់១០៥មីលីម៉ែត្រ, គ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងត្បាល់ ជាដើម សរុបជិត២ម៉ឺនគ្រាប់ ដែលស្មើនឹងប្រមាណជាង៤០០តោន ។

 លោកបានបញ្ជាក់ទៀតថា ប្រតិបត្តិការរុករកនេះ ​មានបញ្ហាលក្ខណៈបច្ចេកទេសខ្លះ ​និងការគាំទ្រខ្លះ នៅមិនទាន់ស៊ីគ្នា ​ហើយការងារមួយចំនួន​ ដូចជាការរកគ្រាប់នៅកប់ក្នុងល្បាប់ភក់ មិនទាន់ស្របតាមផែនការ តែយ៉ាងណាក៏មានមោទកភាព ដែលកងកម្លាំង បានរកឃើញគ្រាប់ច្រើន និងមិនមានគ្រោះថ្នាក់ ។

 គួរបញ្ជាក់ថា យុទ្ធនាការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រស្រុកពាមជរនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២២ ​ដោយកម្លាំងស៊ីម៉ាក់ ​និងអង្គភាពពិសេស៩១១ ៕

ដោយ៖ ស សម


ចែករំលែក៖