ភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ដែលទើបទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យ ស្តីពីការបញ្ចប់តំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌។
គួររម្លឹកថា លោក មាស សាវឿន អតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានត្រូវតុលាការ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ជាបន្តបន្ទាប់ នៅចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ដើម្បីសាកសួរពីដំណើររឿងឆបោក ពាក់ព័ន្ធការទិញលក់ដី ទំហំ ២ ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការចេញដីកាបង្គាប់នេះ បានកើតឡើង ក្រោយពេលដែលលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់ លោក មាស សាវឿន ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដី ទំហំ ២ ហិកតា នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមដីកាសន្និដ្ឋាន បញ្ជូនឱ្យស៊ើបសួរ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ គឺជនត្រូវចោទឈ្មោះ មាស សាវឿន ត្រូវដាក់ឱ្យស្ថិតក្រោម ការចោទប្រកាន់ពីបទ ឆបោក ដែលប្រព្រឹត្តកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបជូនថា លោក មាស សាវឿន ក៏ធ្លាប់ជាអតីត អភិបាលរងខេត្តព្រះវិហារផងដែរ។ ប៉ុន្តែជុំវិញនឹងការបញ្ចប់តំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន មិនដឹងថាជាមូលហេតុអ្វីនោះទេ៕
ដោយ៖សហការី