ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោក គឹម សន្តិភាព : ក្រសួងយុត្តិធម៌នឹងប្រកាន់យកវិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ ដើម្បីការពារភាពស្អាតស្អំរបស់ស្ថាប័ន! ចំពោះ facebook ឈ្មោះ San Prum

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅមុននេះបន្តិច នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះលើ facebook ផ្លូវការថា : ក្រសួងយុត្តិធម៌នឹងប្រកាន់យកវិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ ដើម្បីការពារភាពស្អាតស្អំរបស់ស្ថាប័ន! ចំពោះ facebook ឈ្មោះ San Prum ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងថា : ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ 

ថ្មីៗនេះ មានបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ហាហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier)  ថាដូចម្តេច?  មិនធ្លាប់មានទោសឬ?  រឿងជាន់រឿងហើយ! ………………… តាមដឹងហាងឆេងបញ្ជាក់បែបនេះ(មិនដែលមានទោស)មិនក្រោមពាន់ដុល្លារទេ‌‌!! ហាសៗៗ។ » ។ 

ក្រោពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់អោយមន្ត្រីជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ បានបង្ហាញឱ្យឃើញថា ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពីក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបាន​ផ្តល់​ព្រឹត្តិបត្រ​ថ្កោលទោសនេះដល់សាមីជនឡើយ ។ ហេតុនេះ ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌ ។ 

ហេតុដូចនេះ ក្រសួងយុត្តិធម៌នឹងប្រកាន់យកវិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ ដើម្បីការពារភាពស្អាតស្អំរបស់ស្ថាប័ន! ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖