ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានអោយដឹងថា ៖ នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញចូលរួមអមសម្ដេចធិបតី ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក ស៉ី ជីនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្ដម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស។
ជាកិច្ចបន្ទាប់ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចូលរួមអមសម្ដេចធិបតី ក្នុងជំនួបទ្វេភាគី ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយគ្នានេះដែរនាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ ជាកម្មវិធីចុងក្រោយ លោករដ្ឋមន្ត្រីអញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី ចូលរួមពិធីជប់លៀងផ្លូវការពេលល្ងាច រៀបចំដោយ ឯកឧត្ដម លី ឈាង (Li Qiang)។
ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសចិននាពេលនេះ បានពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ អប់រំ និងទេសចរណ៍។ សម្រាប់ប្រជាជនកម្ពុជា ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់យើង គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិនបានឡើយ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយនឹងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី កម្ពុជារំពឹងថានឹងមានការកើនឡើងនៃភ្ញៀវទេសចរចិន ដែលនឹងមកទស្សនាគោលដៅទេសចរប្រកបដោយភាពទាក់ទាញរបស់កម្ពុជា ហើយពួកគេនឹងបានទទួលបទពិសោធន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ៕
ដោយ ៖ សហការី