ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអគ្គកុងស៊ុលស្វីស ជួបពិភាក្សាការងារ​ដើម្បីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តំណាងលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ព្រមទាំងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គកុងស៊ុលស្វីស ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ដឹកនាំដោយលោក Jacques Edouard Baudevin អគ្គកុងស៊ុល និងជាប្រធានកុងស៊ុលស្វីសប្រចាំតំបន់​ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ​ នៅឯនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។ 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសស្វីស និងព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ លោកក៏បានគូសបញ្ចាក់ជូនគណៈប្រតិភូថា កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខសុវត្ថិភាព និងសម្របសម្រួលដោះស្រាយនូវរាល់បញ្ហាសំណើ-សំណូមពររបស់ភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនគ្រប់ជាតិសាសន៍ ពិសេសជនជាតិស្វីស។

ក្នុងជំនួបនេះ គណៈប្រតិភូស្វីស ដែលដឹកនាំដោយ លោក Jacques Edouard Baudevin បានលើកឡើងនូវសំណូមពរ និងសុំកិច្ចសហការជាមួយនាយកដ្ឋាននគរបាលទេសចរណ៍ ក្នុងការជួយរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនស្វីស ដែលមកទស្សនកិច្ច ឬក៏មកស្នាក់នៅធ្វើការនៅព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានឯកភាពចំពោះការលើកឡើងរបស់គណៈប្រតិភូស្វីស ហើយសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា ជាមួយអគ្គកុងស៊ុលស្វីស ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ដែលមាននាយកដ្ឋាននគរបាលទេសចរណ៍ ជាសេនាធិការ រង់ទទួលចាំសហការដោះស្រាយនូវរាល់សំណើ សំណូមពរ ក៏ដូចជាបណ្តឹង របស់ភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនគ្រប់ពេល ពិសេសភ្ញៀវទេសចរ និងវិនិយោគិនស្វីស។

គណៈប្រតិភូស្វីស បានថ្លែងអំណរគុណ និងកោតសសើរចំពោះថ្នាក់ដឹកនាំ នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងនាយកដ្ឋាននគរបាលទេសចរណ៍ ដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធចំពោះភ្ញៀវទេសចរ និងវិនិយោគិនស្វីស នៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖ សហការី​


ចែករំលែក៖