ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនលក់គ្រឿងសំណង់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីទារលុយពីអតិថិជនបានជាង៦ពាន់ដុល្លារយកទៅលេងល្បែងចាញ់អស់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ (ជាបុគ្គលិកទីផ្សារក្រុមហ៊ុនលក់គ្រឿងសំណង់)នៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងរបស់ឈ្មោះ ស សំរិត ភេទប្រុស អាយុ៤៥ឆ្នាំ(ម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់)នៅភូមិខាងលើដែលបានប្តឹងឈ្មោះ ម៉ុន ផល្លា (ជាបុគ្គលិកផ្នែកទីផ្សារ)បានយកលុយចំនួន៦.៥៣៤.៥ដុល្លារដែលយកពីអតិថិជនថ្លៃគ្រឿងសំណង់ចំនួន៣ទីតាំងហើយគេចខ្លួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញបានស្រាវជ្រាវរហូតបានដឹងនិងធ្វើលិខិតអញ្ញើញឱ្យចូលខ្លួនបំភ្លឺនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយសម្រេចឃាត់ខ្លួនតែម្តង។តាមចម្លើយសារភាពគឺរូបគេពិតជាបានយកលុយរបស់ក្រុមហ៊ុនលក់គ្រឿងសំណង់ទៅលេងល្បែងនិងចាយអស់មែន ត្រូវបានឃាត់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណា