អ្នកចាត់ការទូទៅក្រុម Roma លោក Jose Mourinho បាននិយាយថា Romelu Lukaku រីកចម្រើននៅពេលដែលគាត់មានអារម្មណ៍ស្រលាញ់ និងពេញចិត្តក្រុម បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ដំបូងឲ្យក្រុមRoma ក្នុងជ័យជម្នះ ៧–០ លើក្រុម Empoli កាលពីថ្ងៃអាទិត្យ។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានចូលរួមជាមួយក្លិបពីអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Chelsea នៅរដូវក្តៅ។ Lukaku វ័យ៣០ឆ្នាំបានចូលរួមជាមួយ Chelsea ម្តងទៀតក្នុងតម្លៃ៩៧.៥លានផោនក្នុងឆ្នាំ២០២១ ប៉ុន្តែការត្រឡប់មកវិញរបស់គាត់បានបង្ហាញថា មិនបានជោគជ័យ ហើយគាត់មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការថ្មីលោក Mauricio Pochettino នោះទេ។
លោក Mourinho បាននិយាយថា “Romelu ត្រូវតែមានអារម្មណ៍ស្រលាញ់ និងចង់បានការបង្ហាញខ្លួនក្នុងក្រុម”។ បុរសសញ្ជាតិព័រទុយហ្គាល់ដែលធ្វើការជាមួយ Lukaku នៅ Chelsea និង Manchester United បានបន្ថែមថា “នៅពេលដែលគាត់មកទីនេះ គាត់អាចដឹងថា ក្រុមត្រូវការកីឡាករដូចគាត់។គាត់ចូលចិត្តឈ្នះ នោះជាធម្មជាតិរបស់គាត់ ខ្ញុំគិតថាគាត់ពិតជាសប្បាយចិត្ត” ។
Lukaku បានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Inter Milan ដោយបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ពេលចាញ់ Manchester City ប៉ុន្តែពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាអចិន្ត្រៃយ៍ពី Chelsea ដែលគាត់បានចូលរួមម្តងទៀតពីអ៊ីតាលីកាលពីខែសីហា ឆ្នាំ២០២១។
បន្ទាប់ពីបានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនចង់ត្រលប់ទៅកីឡដ្ឋាន Stamford Bridge គាត់បានចុះហត្ថលេខាលើក្រុម Roma ដែលរកបានតែ៤ពិន្ទុប៉ុណ្ណោះពីការប្រកួត Serie A បួនលើកដំបូងរបស់ពួកគេ។
Mourinho បានបន្ថែមថា ការស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នឹងល្អសម្រាប់ទំនុកចិត្តរបស់ខ្សែប្រយុទ្ធ។ គាត់និយាយថា “នោះមិនមែនជារឿងធំសម្រាប់ខ្ញុំទេ ប្រហែលជាវាសម្រាប់គាត់ អ្នកដឹងថាកីឡាករបាល់ទាត់បែបណា ជាពិសេសខ្សែប្រយុទ្ធ ពួកគេរស់នៅដើម្បីរកគ្រាប់បាល់។ គាត់ជាកីឡាករដ៏ឆ្លាតវៃម្នាក់ដែលតាំងពីបានមកដល់ អ្វីដែលសំខាន់គឺការស៊ុតបញ្ចូលទីរបស់ Roma មិនមែនថាគាត់រកបាននោះទេ”។
Mourinho បញ្ជាក់ថា Inter Milan ដែលបានយកឈ្នះ AC Milan ក្នុងការប្រកួត Derby របស់ពួកគេកាលពីថ្ងៃសៅរ៍នោះគ្មានហេតុផលអ្វីដែលត្រូវខឹងលើ Lukaku នោះទេ។ លោក Mourinho ដែលគ្រប់គ្រង Inter Milan ពីឆ្នាំ២០០៨–២០១០ អះអាងថា “ពួកគេបានឈ្នះការប្រកួត Derby ៥–១ ហើយមានក្រុមដ៏អស្ចារ្យមួយដែលមានខ្សែប្រយុទ្ធជាច្រើន។ ពួកគេគួរតែសប្បាយចិត្តសម្រាប់អតីតគ្រូបង្វឹករបស់ពួកគេដែលត្រូវការ Lukaku”៕ ដោយ៖ ភារៈ
(រូបភាព ៖ BBC Sport)